ក្លិបភាគច្រើនដែលស្ថិតក្នុងក្របខ័ណ្ឌចិន Super League (CSL) បានរត់ទៅកាន់បរទេស នៅពេលដែលវីរុសកូរ៉ូណា បានផ្ទុះឡើងក្នុងប្រទេសនេះ ប៉ុន្តែ បច្ចុប្បន្ន ពួកគេកំពុងតែរត់ត្រឡប់ទៅវិញ ដោយសារតែវីរុស បានរាតត្បាតទូទាំងពិភពលោក។

ក្រុមបាល់ទាត់ជម្រើសជាតិចិន នៅតែបន្តហ្វឹកហាត់ក្នុងទីក្រុងឌូបៃ ដែលជាកន្លែងក្លិបស្ថិតក្នុងក្របខ័ណ្ឌលីករបស់ចិនជាច្រើន បានស្នាក់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែ បច្ចុប្បន្ន ពួកគេកំពុងតែប្រញ៉ាប់ប្រញាលដើម្បីវិលត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់តាមដែលអាច។

ក្លិប Wuhan Zall ដែលស្ថិតក្នុងទីក្រុងផ្ទុះជំងឺកូរ៉ូណា បានបោះជំរំហ្វឹកហាត់ក្នុងប្រទេសអេស្ប៉ាញ ចាប់តាំងពីចុងខែមករា ប៉ុន្តែ បានចាកចេញកាលពីចុងសប្តាហ៍មុន ដោយសារតែស្ថានភាពនៃការរាតត្បាតយ៉ាងខ្លាំងនៅអឺរ៉ុប ដែលជាកន្លែងរាតត្បាតខ្លាំងនៃជំងឺនាពេលបច្ចុប្បន្ននេះ។ ក្លិប Wuhan នឹងបន្តការត្រៀមលក្ខខណៈនៅមុនបើករដូវកាលរបស់ខ្លួននៅទីក្រុង Shenzhen។

Wuhan ផ្ទាល់ក៏បានបិទទីក្រុងផងដែរ បើទោះបីចំនួននៃការឆ្លងមេរោគក្នុងប្រទេសចិន បានបាត់កាត់បន្ថយក៏ដោយ។ រដូវកាលរបស់ក្របខ័ណ្ឌចិន Super League ត្រូវបានពន្យារពេល រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ប៉ុន្តែ ការកំណត់ពេលជាថ្មីនេះ ក៏ត្រូវពន្យារពេលបន្ថែមទៀតដែរ។

បើយោងទៅតាមព័ត៌មាននានា ក្របខ័ណ្ឌនេះ អាចនឹងលេងនៅកីឡដ្ឋានដែលគ្មានអ្នកគាំទ្រនៅខែឧសភា។ Leo Baptistao ខ្សែប្រយុទ្ធប្រេស៊ីលរបស់ក្លិប Wuhan បានប្រាប់សារព័ត៌មានចិន នៅមុនពេលចាកចេញពីប្រទេសអេស្ប៉ាញថា ស្ថានភាពបានផ្លាស់ប្តូរហើយ៕

ប្រភពព័ត៌មាន៖ Channel News Asia