
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA កាលពីថ្ងៃអង្គារ បានស្នើឲ្យលើកពេលនៃការប្រកួតពាន Club World Cup ដែលមាន២៤ក្រុម ក្នុងប្រទេសចិន នៅឆ្នាំក្រោយ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានពន្យារពេលការប្រកួតក្នុងព្រឹត្តិការណ៍ Euro រហូតដល់ឆ្នាំ២០២១ ដោយសារតែការរាតត្បាតរបស់ជំងឺកូរ៉ូណា។
យុទ្ធនាការ Copa America ដែលជាព្រឹត្តិការណ៍ប្រចាំទ្វីបរបស់អាមេរិកខាងត្បូងដូច Euro ដែរ និងត្រូវបានគ្រោងរៀបចំឡើងនៅខែមិថុនា និងខែកក្កដានោះ ក៏ត្រូវបានលើកពេល១ឆ្នាំផងដែរ ដើម្បីធានាថា កីឡាករដែលមានមូលដ្ឋាននៅអឺរ៉ុប នឹងមានសេរីភាពក្នុងការបញ្ចប់រដូវកាលនេះ ជាមួយនឹងក្លិបរបស់ពួកគេ។
ការលើកពេលយុទ្ធនាការផ្សេងៗរយៈពេល១ឆ្នាំ នាំឲ្យយុទ្ធនាការទាំងនោះជាន់គ្នាជាមួយនឹងកម្មវិធីប្រកួតជាច្រើនរបស់ FIFA និងគម្រោងរបស់ប្រធានរបស់អង្គភាពនេះគឺលោក Infantino ដែលមានផែនការរៀបចំព្រឹត្តិការណ៍ Club World Cup ជាមួយនឹងក្រុមជាច្រើន ជាលើកដំបូង នៅខែមិថុនា និងកក្កដា នាឆ្នាំក្រោយ ក្នុងប្រទេសចិន។
លោក Infantino បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងរៀបចំសន្និសីទវីដេអូមួយ ជាមួយនឹងមន្ត្រីរបស់ FIFA នៅថ្ងៃពុធនេះ ដែលនៅពេលនោះលោកនឹងស្នើឲ្យកំណត់លើដំណាក់កាលបន្ទាប់ ខណៈដែលកម្មវិធីប្រកួតថ្មីរបស់ FIFA Club World Cup អាចនឹងប្តូរទៅចុងឆ្នាំ២០២១ ឆ្នាំ២០២២ ឬក្នុងឆ្នាំ២០២៣៕

ប្រភពព័ត៌មាន៖ Channel News Asia
