សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានពន្យារពេលការប្រកួតក្របខ័ណ្ឌ Champions League, Europa League និង Champions League នារី វគ្គផ្តាច់ព្រ័ត្រ ដោយដំបូងឡើយត្រូវបានគ្រោងរៀបចំឡើងនៅខែឧសភា ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា ខណៈដែលកាលបរិច្ឆេទថ្មីមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានពន្យារពេលយុទ្ធនាការនេះរួចជាស្រេចរហូតទាល់តែមានការបញ្ជាក់បន្ថែមទៀត កាលពីដើមខែនេះ។ UEFA បានបញ្ជាក់ថា «មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទៅលើកាលបរិច្ឆេទថ្មីឡើយ»។
UEFA បានឲ្យដឹងក្នុងសេក្តីថ្លែងការណ៍មួយថា៖ «ក្រុមការងារ ដែលត្រូវបានបង្កើតឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំតាមវីដេអូជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់របស់កីឡាបាល់ទាត់អឺរ៉ុប ដែលត្រូវបានដឹកនាំដោយលោក Aleksander Ceferin ដែលជាប្រធាន UEFA នឹងវិភាគទៅលើជម្រើសផ្សេងៗដែលរកយកបាន»។
UEFA បានបន្ថែមទៀតថា៖ «ក្រុមនេះ បានចាប់ផ្តើមការត្រួតពិនិត្យរបស់ខ្លួនរួចជាស្រេចទៅលើកាលបរិច្ឆេទផ្សេងៗ។ ការប្រកាសផ្សេងៗ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ»។ ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងនៅកីឡដ្ឋាន Ataturk ក្នុងទីក្រុង Istanbul នៅថ្ងៃទី៣០ ខែឧសភា ខណៈ Europa League វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវរៀបចំឡើងនៅទីក្រុងប៉ូឡូញ Gdansk រយៈពេល៣ថ្ងៃមុន៕
ប្រភពព័ត៌មាន៖ Channel News Asia