សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA នឹងធ្វើការពិភាក្សាលើជោគវាសនារបស់ក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ និងយុទ្ធនាការផ្សេងទៀតរបស់ខ្លួន ដែលត្រូវបានផ្អាកដោយសារតែការរាតត្បាតជាសកលរបស់វីរុសកូរ៉ូណា ក្នុងកិច្ចប្រជុំជាវីដេអូខលមួយ នៅថ្ងៃពុធនេះ។ នេះបើយោងទៅតានការបញ្ជាក់របស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ក្នុងសេចក្តីប្រកាសមួយ។
រាល់យុទ្ធនាការទាំងអស់របស់ UEFA ត្រូវបានផ្អាក ដោយសារតែវីរុសរលាក់សួតថ្មីដែលបានសម្លាប់មនុស្សប្រមាណជា៣២០០០ ស្របពេលដែលព្រឹត្តិការណ៍ Euro នៅឆ្នាំនេះ ត្រូវប្តូរទៅរៀបចំនៅឆ្នាំ២០២១វិញ។
UEFA បានឲ្យដឹងថា៖ «UEFA បានអញ្ជើញអគ្គរដ្ឋលេខធិការនានាក្នុងចំណោមសហព័ន្ធជាសមាជិកចំនួន៥៥របស់ខ្លួន ឲ្យចូលរួមក្នុងសន្និសីទវីដេអូខលមួយ នៅថ្ងៃពុធ ទី១ ខែមេសា ដើម្បីពិភាក្សាទៅលើជម្រើសផ្សេងៗដែលត្រូវបានកំណត់ទាក់ទងនឹងការរៀបចំកម្មវិធីប្រកួតឡើងវិញជាសក្តានុពល»។ ការដោះដូរកីឡាករ និងកិច្ចសន្យាផ្សេងៗ ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ ក្នុងកិច្ចប្រជុំដដែលនេះ។
លោក Aleksander Ceferin ប្រធាន UEFA បានបញ្ជាក់កាលពីចុងសប្តាហ៍មុនថា រដូវកាលបច្ចុប្បន្ន អាចនឹងបាត់បង់ ប្រសិនបើការប្រកួតមិនអាចចាប់ផ្តើមឡើងវិញនៅត្រឹមចុងខែមិថុនា ទេនោះ បើទោះបីលោកមិនបានបញ្ជាក់ថា ការប្រកួតនឹងបន្តរហូតដល់រដូវកាលក្រោយ ក៏ដោយ៕
ប្រភពព័ត៌មាន៖ Channel News Asia