លោក Aleksander Ceferin ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា វាមិនអាចទៅរួចឡើយដែលក្រុម Liverpool គួរតែបញ្ចប់រដូវកាលនេះ ដោយមិនទទួលបានពាន Premier League នោះ បើទោះបីយុទ្ធនាការនេះ ត្រូវបានលុបចោលដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា ក៏ដោយ។

ក្រុម Liverpool របស់លោក Jurgen Klopp ហាក់ដូចជាត្រូវឈ្នះពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេសជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ នៅពេលដែលរដូវកាលនេះ ត្រូវបានផ្អាក ក្រោយពីបាននាំមុខ២៥ពិន្ទុដាច់លើក្រុមឈរលេខ២ Manchester City។

លោក Ceferin បានប្រាប់កាសែតកីឡាប្រចាំថ្ងៃ Ekipa របស់ស្លូវេនីថា៖ «វាមិនអាចទៅរួចឡើយដែលក្រុម Liverpool ត្រូវបញ្ចប់ដោយមិនឈ្នះពាននោះ។ ប្រសិនបើការប្រកួតត្រូវបានរៀបចំឡើយ នោះពួកគេ នឹងស្ទើរតែបានឈ្នះពាននោះទៅហើយ។ ពួកគេនៅតែមិនទទួលបានពាន ប៉ុន្តែ ពួកគេហាក់មានភាពច្បាស់លាស់ទៅហើយ។

ក្នុងករណីដែលការប្រកួតមិនអាចលេងបាន យើងនឹងស្វែងរកមធ្យោបាយមួយ»។ លោកបានបន្ថែមទៀតថា៖ «ជាថ្មីម្តងទៀត ខ្ញុំមើលមិនឃើញពីសេណារីយ៉ូដែលក្រុម Liverpool មិនអាចឈ្នះពានបានឡើយ។

ខ្ញុំដឹងថា អ្នកគាំទ្រអាចនឹងខកចិត្ត ប្រសិនបើការប្រកួតលេងនៅកីឡដ្ឋានដែលគ្មានអ្នកទស្សនា ឬប្រសិនបើវាត្រូវបានដោះស្រាយដោយផ្អែកលើចំណាត់ថ្នាក់ ប៉ុន្តែ ខ្ញុំជឿជាក់ថា ពួកគេនឹងឈ្នះពាន ទោះក្នុងវិធីបែបណា»៕

ប្រភពព័ត៌មាន៖ Channel News Asia