ព្រឹត្តិការណ៍សាធារណៈនានា ដូចជាការប្រកួតកីឡាបាល់ទាត់ នឹងនៅតែរក្សាស្ថិតក្នុងភាពហាមឃាត់ ក្នុងប្រទេសអាល្លឺម៉ង់ រហូតដល់ថ្ងៃទី៣១ ខែសីហា ដោយសារតែវិបត្តិវីរុសកូរ៉ូណា បើទោះបីមិនមានការប្រកាសមិនអនុញ្ញាតឲ្យការប្រកួតក្របខ័ណ្ឌ Bundesliga បន្តលេងក្នុងកីឡដ្ឋានដែលគ្មានអ្នកទស្សនាក៏ដោយ។

នេះបើយោងទៅតាមរដ្ឋាភិបាលទីក្រុងប៊ែរឡាំងកាលពីថ្ងៃពុធ។ ក្រោយពីលោកស្រី Angela Merkel ជាមួយនឹងមេដឹកនាំប្រចាំរដ្ឋនីមួយៗ ដើម្បីពិភាក្សាទៅលើការបន្ធូរបន្ថយការហាមឃាត់ផ្សេងៗកាលពីថ្ងៃពុធ ថ្នាក់ដឹកនាំអាល្លឺម៉ង់ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព្រឹត្តិការណ៍ធំៗ ដើរតួនាទីដ៏សំខាន់ក្នុងការបង្កើតឲ្យមានការឆ្លង ហេតុនេះ ព្រឹត្តិការណ៍ទាំងអស់នឹងនៅតែរក្សាស្ថិតក្នុងការហាមឃាត់ដដែល រហូតដល់ថ្ងៃទី៣១ ខែសីហា»។

ការសម្រេចចិត្តនេះ មានន័យថា អ្នកគាំទ្រនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងកីឡដ្ឋាននានាក្នុងប្រទេសអាល្លឺម៉ង់ឡើយ យ៉ាងហោចណាស់រហូតដល់ខែកញ្ញា បើទោះបីលោក Markus Soeder នាយករដ្ឋមន្ត្រីប្រចាំរដ្ឋ Bavarian បានបញ្ជាក់ថា ការប្រកួតដែលលេងក្នុងកីឡដ្ឋានបិទជិត ដែលត្រូវបានគេហៅថា ជាការប្រកួតខ្មោច នៅតែជាជម្រើសមួយ។

លោក Soeder បានឲ្យដឹងថា៖ «Bundesliga មិនបានក្លាយជាប្រធានបទក្នុងកិច្ចពិភាក្សានៅថ្ងៃនេះឡើយ។ក្របខ័ណ្ឌលីកនេះ កំពុងតែធ្វើការលើមូលដ្ឋានសន្តិសុខ ហើយករណីនេះ នឹងត្រូវយកទៅពិភាក្សាក្នុងពេលឆាប់ៗនេះថា ទម្រង់បែបណាដែលការប្រកួតក្នុងកីឡដ្ឋានគ្មានអ្នកទស្សនាអាចកើតឡើង»៕

ប្រភពព័ត៌មាន៖ Channel News Asia