លោក Pep Guardiola មានការព្រួយបារម្ភថា កីឡាកររបស់ក្លិប Manchester City មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏មមាញឹកនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះឡើយ។
ក្រុមម្ចាស់ការពារតំណែងជើងឯករបស់លោក Guardiola នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Arsenal នៅរាត្រីនេះ ក្នុងការប្រកួតគូទី២នៃការវិលទៅប្រកួតវិញរបស់ក្របខ័ណ្ឌ Premier League ក្រោយពីការផ្អាកដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា។ Man City នឹងត្រូវធ្វើការប្រកួតម្តងទៀតនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ នៅពេលដែលក្រុម Burnley ធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad ហើយការប្រកួតដ៏មមាញឹកនេះ នឹងនៅតែបន្តរហូតដល់បញ្ចប់រដូវកាលនេះ នៅចុងខែកក្កដា។
ប្រធានក្របខ័ណ្ឌ Premier League បានប្តេជ្ញាក្នុងការបំពេញករប្រកួតទាំង៩២លើក ក្នុងរយៈពេលតិចជាង៦សប្តាហ៍ ហើយក្រុមទាំងអស់ មានរយៈពេលដ៏ខ្លីក្នុងការរៀបចំ ដែលនាំឲ្យលោក Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City មានការព្រួយបារម្ភថា តារាឆ្នើមៗរបស់លោក មិនទាន់រឹងមាំទាំងស្រុង សម្រាប់ការប្រកួតដ៏មមាញឹកបែបនេះឡើយ។ ក្នុងសន្និសីទសារព័ត៌មានតាមរយៈវីដេអូមួយ កាលពីថ្ងៃអង្គារ លោក Guardiola បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងត្រៀមរួចរាល់ហើយក្នុងការលេងការប្រកួត១ ប៉ុន្តែ ៣ថ្ងៃក្រោយមក នឹងមានការប្រកួត១ទៀត ហើយ៤ថ្ងៃក្រោយមក មានការប្រកួត១ទៀត។ យើងមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ»៕
ប្រភពព័ត៌មាន៖ Channel News Asia


