លោក Jurgen Klopp បានប្រាប់អ្នកគាំទ្ររបស់ក្លិប Liverpool ឲ្យអបអរដល់ក្រុមរបស់លោកសម្រាប់ការឈ្នះពានក្របខ័ណ្ឌ Premier League ពីផ្ទះរបស់ខ្លួន ខណៈដែលក្រុមកំពុងតែនាំមុខដាច់មួយនេះ ត្រៀមសម្រាប់ការវិលទៅប្រកួតវិញ។
ក្រុមរបស់លោក Klopp បានត្រូវការជ័យជម្នះត្រឹមតែ២លើកទៀតប៉ុណ្ណោះដើម្បីជួយឲ្យ Liverpool ឈ្នះពានក្របខ័ណ្ឌកំពូលជាលើកទី១របស់ខ្លួន ក្នុងរយៈពេល៣០ឆ្នាំ នៅពេលដែលការរាតត្បាតរបស់វីរុសកូរ៉ូណា បានបង្ខំឲ្យផ្អាកការប្រកួតនៅរដូវកាលនេះ កាលពីខែមីនា។ ទីបំផុត ក្រុម Liverpool នឹងវិលទៅប្រកួតវិញនៅថ្ងៃអាទិត្យ នៅពេលដែលពួកគេជួបជាមួយនឹងក្រុមស្ថិតក្នុងតំបន់តែមួយ Everton នៅកីឡដ្ឋាន Goodison Park ក្នុងការប្រកួតមួយ ដែលអាចនឹងក្លាយជាការប្រកួតកាត់សេចក្តី។ ប្រសិនបើក្រុមឈរលេខ២ Manchester City រងបរាជ័យនៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Arsenal នៅរាត្រីថ្ងៃពុធ នោះក្រុម Liverpool ត្រឹមតែផ្តួលក្រុម Everton ដើម្បីលើកពានក្របខ័ណ្ឌលីកជាលើកទី១៩របស់ខ្លួន ខណៈនៅសល់ការប្រកួត៨លើកទៀត។
ដោយដឹងថា អ្នកគាំទ្រ នឹងស្រេកឃ្លានក្នុងការអបអរការឈ្នះពានដែលទន្ទឹងរង់ចាំដ៏យូរអង្វែងរបស់ពួកគេ លោក Klopp គ្រូបង្វឹករបស់ Liverpool បានជំរុញឲ្យអ្នកគាំទ្រទាំងអស់ រក្សាការអនុវត្តតាមសេចក្តីណែនាំនៃការរក្សាគម្លាតឲ្យឆ្ងាយពីគ្នា ដោយមិនត្រូវប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន Goodison Park ឬ Anfield ឡើយ។ លោក Klopp បាននិយាយក្នុងសារជាវីដេអូមួយ កាលពីថ្ងៃអង្គារថា៖ «វានៅតែជាកីឡាបាល់ទាត់ ហើយវានៅតែសម្រាប់អ្នកទាំងអស់គ្នា។ នោះមានន័យថាយើងនឹងស្ថិតក្នុងកីឡដ្ឋាន ហើយអ្នកនឹងនៅផ្ទះ»៕
ប្រភពព័ត៌មាន៖ Channel News Asia