ក្រុម Liverpool នឹងត្រូវការជំនួយពីក្លិប Manchester City ដើម្បីលើកពានក្របខ័ណ្ឌ Premier League ជាលើកទី១ក្នុងរយៈពេល៣០ឆ្នាំ នៅសប្តាហ៍នេះ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Everton ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Merseyside នៅកីឡដ្ឋានដែលគ្មានអ្នកទស្សនា កាលពីថ្ងៃអាទិត្យ។
Everton ស្ទើរតែរកបានគ្រាប់បាល់បញ្ចូលទីទៅហើយ ខណៈដែល Tom Davies បានស៊ុតបាល់ប៉ះទៅនឹងបង្គោលទី ហើយអ្នកចាំទី Alisson Becker បានសង្គ្រោះបាល់យ៉ាងល្អពីការស៊ុតរបស់កីឡាករ Dominic Calvert-Lewin ដើម្បីរារាំងក្រុម Everton មិនឲ្យទទួលបានជ័យជម្នះជាលើកទី១ ក្នុងរយៈពេល១០ឆ្នាំ។ Liverpool នៅតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានរង្វាន់លីក ក្រោយពីបាននាំមុខ២៣ពិន្ទុដាច់លើក្រុម Man City របស់លោក Pep Guardiola។
ប្រសិនបើ Man City បាត់បង់ពិន្ទុ នៅលើទឹកដីខ្លួនឯងពេលប្រកួតជាមួយនឹងក្រុម Burnley នៅរាត្រីនេះ នោះក្រុម Liverpool អាចលើកពាន នៅពេលប្រកួតជាមួយនឹងក្រុម Crystal Palace នៅកីឡដ្ឋាន Anfield នៅរាត្រីថ្ងៃពុធ។ ស្របពេលជាមួយគ្នានេះ លោក Frank Lampard ជឿជាក់ថា ខ្សែបម្រើ Christian Pulisic អាចក្លាយជាកីឡាករដ៏សំខាន់របស់ Chelsea ក្នុងការប្រជែងដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League ក្រោយពីការរកគ្រាប់បាល់កាត់សេចក្តីរបស់គេនៅកីឡដ្ឋាន Aston Villa។ ក្រុមរបស់លោក Lampard បានជួបការភិតភ័យនៅពេល Kortney Hause ជួយឲ្យ Aston Villa រកបានគ្រាប់បាល់មុន នៅតង់ទី១ មុននឹង Chelsea បានវាយបកវិញដើម្បីទទួលជ័យជម្នះក្នុងលទ្ធផល ២-១៕
ប្រភពព័ត៌មាន៖ Channel News Asia