ក្រុម Liverpool បានធ្វើដំណើរកាន់តែកៀកឆ្ពោះទៅកាន់ការលើកពានក្របខ័ណ្ឌលីកជាលើកទី១លើករបស់ពួកគេ ក្នុងរយៈពេល៣០ឆ្នាំ ក្រោយពីបានយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃពុធ នៅកីឡដ្ឋាន Anfield ដែលបានបិទមិនឲ្យអ្នកគាំទ្រចូលទស្សនា។

ក្រុមរបស់លោក Jurgen Klopp នឹងក្លាយជាម្ចាស់ជើងឯកនៅត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រសិនបើក្រុម Manchester City មិនអាចដណ្តើមបានជ័យជម្នះនៅលើទឹកដីក្រុម Chelsea ឬដណ្តើមឲ្យបានត្រឹម១ពិន្ទុប៉ុណ្ណោះ ពួកគេពួកគេជួបជាមួយនឹងក្រុម Man City នៅថ្ងៃទី២ ខែកក្កដា។

ខ្សែបម្រើ Trent Alexander-Arnold ខ្សែប្រយុទ្ធ Mohamed Salah, Fabinho និង Sadio Mane សុទ្ធសឹងរកបានគ្រាប់បាល់បញ្ចូលទី ខណៈដែលក្រុម Liverpool បានបង្កើនការនាំមុខរហូតដល់ទៅ២៣ពិន្ទុ នៅលើកំពូលតារាង។

លោក Klopp បានឲ្យដឹងថា៖ «ចូរស្រមៃគិតថា កីឡដ្ឋានមានអ្នកគាំទ្រពេញកៅអីអង្គុយនៅថ្ងៃនេះ ហើយអ្នកគាំទ្រទាំងអស់ អាចនឹងធ្វើឲ្យការប្រកួតកាន់តែរស់រវើក។ ខ្ញុំគិតថា គ្មានការប្រកួតណាល្អលើសនេះឡើយ ពីព្រោះកីឡាកររបស់ខ្ញុំលេងដូចមានអ្នកគាំទ្រនៅកីឡដ្ឋានអ៊ីចឹង»

នៅមុនពេលចាប់ផ្តើមប្រកួត «បទចម្រៀង You’ll Never Walk Alone» បានលាន់រំពនៅជុំវិញកីឡដ្ឋាន Anfield ដោយមិនមានសំឡេងស្រែកបន្ទរគ្នារបស់អ្នកគាំទ្រជិត៥៥០០០នាក់៕

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia