ក្រុម​ខេត្តកែប ពិតជា​អាច​រក​ឃើញ​ជ័យជម្នះ ទៅ​តាម​អ្វីដែល​ខ្លួន​បាន​រំពឹង​ទុក សម្រាប់ការ​ជួប​ក្រុម​ខេត្តកំពង់​ឆ្នាំង ក្នុង​​ការ​ប្រកួត​ជើង​ទី​១ ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើកទី​១៤ (ថ្នាក់ខេត្ត) ឆ្នាំ​២០២០ កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ​ក្រុម​ខេត្តកំពង់ស្ពឺ បានជួបការ​ខក​ចិត្ត ក្រោមស្នាដៃក្រុម​ម្ចាស់​ជើងឯក​ឆ្នាំចាស់ ខេត្តត្បូងឃ្មុំ នៅលើទឹក​ដីខ្លួនឯង។

សម្រាប់ការ​ប្រកួត នៅកីឡដ្ឋាន​ខេត្តកែប កាល​ពី​ម្សិលមិញ​នោះ   លោក  ស សុរ៉ា គ្រូ​បង្វឹក​ក្រុមខេត្តកែប ពិតជា​ដឹក​នាំ​ក្រុម​បាន​ល្អ ដើម្បី​យក​ឈ្នះ​លើ​ក្រុម​ខេត្តកំពង់ឆ្នាំង ទៅតាម​អ្វី​ដែល​​លោកបាន​​សង្ឃឹម​ទុក មុនការ​ប្រកួត ប៉ុន្តែ​ការ​ឈ្នះមិនដាច់ត្រឹម ៤-៣ វានៅតែ​ធ្វើ​ឲ្យ ខេត្តកែប មាន​ភាព​មិនទាន់​ច្បាស់ សម្រាប់ការ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុមខេត្តកំពង់​ឆ្នាំង​ វិញ សម្រាប់ការ​ប្រកួតជើងទី​២ កាត់សេចក្តី។

ក្រុមខេត្តកែប ធ្វើ​បាន​ល្អ នៅ​ក្នុង​តង់ទី​១ ដោយ​រក​បាន​រហូត​ដល់​៣​គ្រាប់ ដើម្បីនាំ​មុខ ខេត្តកំពង់ឆ្នាំង ៣-១ តែ​ឈាន​ចូលតង់ទី​២ ក្រុមកំពង់ឆ្នាំង បាន​វាយ​បក​វិញ​យ៉ាងខ្លាំង និង​រក​បាន​២គ្រាប់ ប៉ុន្តែ​ពួកគេ​នៅតែគេចមិនផុតពីការ​ចាញ់ ៤-៣ ខណៈ​ខេត្ត​កែប រក​បាន​១គ្រាប់បន្ថែម​ដែរ​នោះ។

យ៉ាងណា​ក៏​ដោយ សម្រាប់ការ​ប្រកួត​៩០នាទីពេញ ក្រុមខេត្តកំពង់ឆ្នាំង បង្កើនឱកាស​ស៊ុត​បាន​ច្រើនជាង​ក្រុមខេត្តកែប គឺ​ពួក​គេ​ស៊ុត​បាន​រហូត​ដល់​២៤​ដង តែខុស​គោលដៅ​១៧ និង​ត្រូវ​គោល​ដៅ​បាន​៧ ហើយសម្រេចបាន​៣​គ្រាប់ ចំណែក​ខេត្តកែប ស៊ុតបានត្រឹម​១៧​ដង ខុស​គោលដៅ​៨ ត្រូវ​គោលដៅ​៩ និងសម្រេច​បាន៤​គ្រប់ ហើយស្ថិតិនេះ វាជា​ក្តីបារម្ភ​មួយ​ផងដែរ ចំពោះ​ក្រុម​ខេត្តកែប សម្រាប់ការ​ប្រកួតជើងទី​២។

ចំណែក​ក្រុមខេត្តកំពង់ស្ពឺ ប្រហែលជា​លំបាក ក្នុងការ​វាយ​បក​តាម​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ខេត្តត្បូង​ឃ្មុំ វិញ​ហើយ ព្រោះ​ការ​ចាញ់ ២-០ សម្រាប់ការ​ប្រកួតលើទឹកដី​ខ្លួន​ឯង កាល​ពី​ម្សិលមិញ​នេះ ខេត្តកំពង់ស្ពឺ បាន​បង្កើតឱកាស​មិនដល់ពាក់កណ្តាល​ក្រុមខេត្តត្បូងឃ្មុំ​ផង បើទោះ​បីជា ការ​ប្រកួតលើកនេះ កីឡាករ​បានមកជុំ​ជើងគ្នា ដើម្បី​ជួយក្រុម​ក៏ដោយ។

គ្រាប់បាល់ជ័យជម្នះ​ទាំង​២​គ្រាប់ របស់ក្រុម​ខេត្តត្បូងឃ្មុំ បាន​កើត​​ឡើង នៅ​ក្នុងតង់ទី១​ទាំងអស់ ហើយការ​ប្រកួតនេះ ពួកគេ​បានបង្កើតឱកាស​ស៊ុតបាន​១៣​ដង ខុសគោលដៅ៨ ត្រូវគោលដៅ​៥ និងសម្រេច​បាន​២​គ្រាប់។ ផ្ទុយ​ពី​នេះ ក្រុមម្ចាស់ផ្ទះ​​ខេត្តកំពង់ស្ពឺ បង្កើត​ឱកាស​ស៊ុតបាន​ត្រឹម៦​ដង ខុស​គោលដៅ​ដល់ទៅ​៥​ដង និងត្រូវគោល​បានតែ​​១ដង​គត់។

 

តាម​រយៈលទ្ធផលនេះ ខេត្ត​កំពង់ស្ពឺ អាច​មានការ​ពិបាក​ខ្លាំង ចំពោះការ​រក​គ្រាប់បាល់​តាម​ខេត្តត្បូងឃ្មុំ សម្រាប់ការ​ប្រកួត​នៅជើងទី​២ ព្រោះ​លោក ម៉ម កុសល អ្នកចាត់ការ​​ក្រុម​ខេត្តកំពង់ស្ពឺ បាន​បង្ហើប​ថា ការ​ប្រកួត​ក្រៅទឹក​ដី គឺ​​ក្រុម​របស់លោក តែងតែ​ពិបាកក្នុងការ​ប្រមូល​កីឡាករ​ទៅលេង ដោយសារ​កីឡាករ​មួយចំនួន ជាប់ធ្វើការងារនៅ​ក្រៅ​ខេត្ត និងអ្នកខ្លះ​ជាប់រៀនសូត្រ នៅ​ភ្នំពេញ៕