លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្លិប Manchester United នឹងមិនស្វែងរកកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញចូលកីឡាករថ្មី នៅរដូវក្តៅនេះឡើយ ដោយសារតែភាពជាក់ស្តែងនៃវិបត្តិសេដ្ឋកិច្ចដោយសារតែវីរុសកូរ៉ូណា ប៉ុន្តែ ចង់ឲ្យក្លិបរក្សាទុក Paul Pogba តាមរយៈការផ្តល់កុងត្រារយៈពេលវែង។
លោក Ed Woodward អនុប្រធានក្លិប Man United បានតឿនរំឭកថា វានឹងមិនមានការដោះដូរកីឡាករដូចធម្មតាឡើយ ក្នុងពេលបើកទីផ្សារដោះដូរ និងនិយាយអំឡុងពេលនៃការផ្អាកការប្រកួតដោយសារតែកូវីដ-១៩ ថា គម្រោងទិញចូលកីឡាករថ្មីៗក្នុងទឹកប្រាក់លានផោន នៅរដូវក្តៅនេះ ហាក់ដូចជាត្រូវពង្រើយកន្តើយ ដោយសារតែវិបត្តិជាក់ស្តែងដែលកើតឡើងក្នុងកីឡានេះ។ ទម្រង់លេងរបស់ក្រុម Solskjaer ចាប់តាំងពីវិលទៅប្រកួតវិញ កាលពីខែមុន ក៏បានបង្ហាញផងដែរ Man United មិនត្រូវការចំណាយប្រាក់ច្រើនក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះឡើយ។ ខ្សែប្រយុទ្ធទើបតែរះ Mason Greenwood ដែលបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងការប្រកួត២លើកចុងក្រោយ បានជួយលុបចោលពាក្យចរចាមអារ៉ាមផ្សេងៗជុំវិញការនាំយកតារាឆ្នើម Jadon Sancho របស់ក្លិប Borussia Dortmund។
លោក Solskjaer បានឲ្យដឹងថា៖ «វាមានភាពជាក់ស្តែង។ ខ្ញុំគិតថា ពិភពលោកទាំងមូលបានផ្លាស់ប្តូរ ទាំងផ្នែកហិរញ្ញវត្ថុ និងការត្រៀមលក្ខខណៈដែលបានធ្វើលើតម្លៃផ្សេងៗ»៕
ប្រភពព័ត៌មាន៖ Channel News Asia


