ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់៥៧គីឡូក្រាម នៃកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោននាថ្ងៃអាទិត្យនេះ ត្រូវបានគេមើលឃើញថា អាចនឹងពិបាករកម្ចាស់ជើងឯក ព្រោះបេក្ខភាពទាំង៤នាក់ ដែលត្រូវដាក់ឲ្យប្រកួត នៅសប្តាហ៍នេះ មានសមត្ថភាពប្រហាក់ប្រហែលគ្នា។
យ៉ាងណាក៏ដោយ ដោយសារបេក្ខភាពទាំង៤នាក់មាន ម៉ន សាម៉េត, អេ ណារ័ត្ន, ប៊ុន សុធា និង សៅ ប៊ុនធឿន សុទ្ធតែចូលចិត្តវាយសម្រុកដូចគ្នានោះ គឺបានធ្វើឲ្យអ្នកគាំទ្រ មានការរំពឹងទុកជាមុនថា ការប្រកួតនៅសប្តាហ៍នេះ នឹងមានភាពស្វិតស្វាញ និងកក្រើកខ្លាំង។
បន្ថែមលើនេះ លក្ខខណ្ឌប្រកួត ក៏តម្រូវឲ្យពួកគេ ត្រូវប្រកួតគ្នាអស់ពីសមត្ថភាព ផងដែរ ព្រោះនៅវគ្គជម្រុះមានត្រឹម៣ទឹកទេ រីឯវគ្គផ្តាច់ព្រ័ត្រ ដែលប្រកួត១ទឹក ស្មើ៩នាទីនោះ គឺអ្នកផ្តួលដៃគូឲ្យសន្លប់ ទើបអាចក្លាយជាម្ចាស់ជើងឯក តែបើគ្មានអ្នកសន្លប់ ចាត់ទុកថា ស្មើគ្នា ហើយត្រូវចែកប្រាក់រង្វាន់ជា២។
នៅក្នុងចំណោមបេក្ខភាពទាំង៤នាក់នេះ ម៉ន សាម៉េត មានបទពិសោធប្រកួតច្រើនជាងគេ ប៉ុន្តែ អេ ណារ័ត្ន និង ប៊ុន សុធា ត្រូវបានគេចាត់ទុកថា ជាជើងខ្លាំងជំនាន់ក្រោយ ដែលមានសមត្ថភាពប្រកួតល្អ ហើយអ្នកទាំង២នេះ ក៏ធ្វើបានល្អជាង ម៉ន សាម៉េត ផងដែរ សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់មាស នៅសង្វៀន PNN កន្លងមកនេះ ដោយក្នុងនោះ អេ ណារ័ត្ន និង ប៊ុន សុធា បានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឯ សាម៉េត បានធ្លាក់តាំងពីវគ្គជម្រុះ១៦នាក់ដំបូង។
បន្ថែមលើនេះ ប៊ុន សុធា ក៏ធ្លាប់បានឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតដណ្តើមប្រាក់លាន នៅសង្វៀនថោននេះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ផងដែរ ប៉ុន្តែបានត្រឹមស្មើ យុគ យក្សផ្លែ ក្រោយគ្មានអ្នកណាសន្លប់។ ចំណែក សៅ ប៊ុនធឿន អាចមានសមត្ថភាពរាងទាបជាងគេបន្តិច ដែលពិបាក ក្នុងការស្វែងរកការឈ្នះ។
ទាក់ទងនឹងការប្រកួតនេះ លោក គឹម ស្រ៊ុនកុសល នាយកគ្រប់គ្រងកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន បានប្រាប់ថា៖«ការប្រកួតដណ្តើមប្រាក់លាន នៅសប្តាហ៍នេះ នឹងមានភាពស្វិតស្វាញខ្លាំង ព្រោះក្នុងបេក្ខភាពទាំង៤នាក គឺ ម៉ន សាម៉េត, ប៊ុន សុធា និង អេ ណារ័ត្ន សុទ្ធតែមិនងាយផ្តួលដោយសន្លប់ តែបើអ្នកខ្លាំងជួបគ្នា ក្នុងវគ្គជម្រុះ អ៊ីចឹងផ្តាច់ព្រ័ត្រ អាចមានសង្ឃឹមរកអ្នកសន្លប់បាន»។
យ៉ាងណាក៏ដោយ លោក ស្រ៊ុនកុសល លោកនឹងរឹតបន្តឹងច្បាប់ប្រកួតឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរកឲ្យម្ចាស់ជើងឯក ក្នុងការប្រកួតលើកនេះ។ លោកបានបញ្ជាក់ថា៖ «មុនការប្រកួត ខ្ញុំនឹងប្រជុំជាមួយអាជ្ញាកណ្តាល ក្នុងការរឹតបន្តឹងច្បាប់ នៅលើសង្វៀនប្រកួត ចៀសវាងកីឡាករវាយថយខ្លាំងពេក ធ្វើឲ្យយើងពិបាកនឹងរកម្ចាស់ជើងឯងបាន ដូច្នេះការពិន័យកាតលឿង នឹងកាតក្រហម ត្រូវប្រើឲ្យមានប្រសិទ្ធភាព»៕