ក្រុមម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង មានពិន្ទុដាច់កាន់តែឆ្ងាយពីក្រុមឈរនៅលេខ២ភ្នំពេញក្រោន ខណៈភ្នំពេញក្រោន បានសន្សល់ទុកនៅត្រឹមការសោកស្តាយជាមួយចែកគ្នាម្នាក់១ពិន្ទុនឹងក្រុមណាហ្គាវើលនោះ ចំណែកក្រុមបឹងកេត អង្គរថាយហ្គឺរ និងក្រុមកងយោធពលខេមរភូមិន្ទ សុទ្ធតែដណ្តើមបាន៣ពិន្ទុ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី៧ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ។
នៅក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះក្រុមអាស៊ីអឺរ៉ុប រហូតដល់ ៧-២ ខណៈខ្សែប្រយុទ្ធ Abbee Adjoo Hurber បានស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេច ជួយឲ្យក្រុមអាស៊ីអឺរ៉ុប នាំមុខ ១-០ តាំងពីនាទីទី៩ ប៉ុន្តែ ហួយ ផល្លីន បានតាមស្មើឲ្យក្រុមស្វាយរៀង នៅនាទីទី៤៥ ហើយនៅតង់ទី២ ខ្សែប្រយុទ្ធ Privat រកបាន៣គ្រាប់តែម្នាក់ឯង ឯ Pedro Augusto រកបាន២គ្រាប់ និង សឿយ វិសាល បាន១គ្រាប់ដែរ នៅមុនពេល Abbee Adjoo Hurber រកបានគ្រាប់បាល់ទី២ ឲ្យអាស៊ីអឺរ៉ុប នៅនាទីទី៨១។
ការដណ្តើមបាន៣ពិន្ទុ ដូចការរំពឹងទុកលើក្រុមអាស៊ីអឺរ៉ុបនេះ បានជួយឲ្យក្រុមស្វាយរៀង បន្តឈរនៅលើកំពូលតារាង ដោយមាន១៩ពិន្ទុដាច់ឆ្ងាយពីក្រុមកំពុងឈរនៅលេខ២ ភ្នំពេញក្រោន ដល់៤ពិន្ទុ ខណៈភ្នំពេញក្រោន មិនអាចរក្សាការមានប្រៀបលើ ក្រុមណាហ្គាវើល រហូតដល់ចប់ការប្រកួតនោះ។
សម្រាប់ការប្រកួតនៅកីឡដ្ឋានស្តាតចាស់ កាលពីថ្ងៃអាទិត្យនោះ ខ្សែប្រយុទ្ធ Timothy រកបានគ្រាប់បាល់ឲ្យក្រុមភ្នំពេញក្រោន លឿនបំផុត គឺត្រឹមរយៈពេល១នាទី ប៉ុន្តែខ្សែប្រយុទ្ធ Marques Marcio បានស៊ុតបាល់តាមស្មើឲ្យក្រុមណាហ្គាវើល នៅនាទីទី៨០ ហើយការចែកគ្នាម្នាក់១ពិន្ទុនេះ បានធ្វើឲ្យក្រុមទាំង២ បន្តឈរនៅតាមទីតាំងចាស់រៀងៗខ្លួន។
យ៉ាងណាក៏ដោយ លោក ស៊ុំ វណ្ណា គ្រូបង្គោលក្រុមភ្នំពេញក្រោន នៅតែមិនអស់ចិត្ត ចំពោះការបណ្តោយឲ្យក្រុមណាហ្គាវើល តាមស្មើនេះ។ លោកបាននិយាយថា៖« យើងឃើញថា ក្នុងរយៈពេល ៩០នាទី ឱកាសរបស់ក្រុមទាំង២ មានទៅ មានមក ប៉ុន្តែបរិមាណនៃឱកាសគ្រោះថ្នាក់បំផុត គឺយើងមានច្រើនជាង។ យើងគិតថា អ្វីដែលរៀបចំដាក់ឲ្យកីឡាករលេង គឺពួកគាត់ធ្វើបានល្អច្រើន តែអ្វីយើងធ្វេសប្រហេសមួយនោះ គឺការរបូតគ្រាប់បាល់ ធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយស្មើគ្នា»។
យ៉ាងណាមិញ ក្រុមបឹងកេត នៅតែអាចបន្តឈរនៅលេខ៣ បន្ទាប់ពីពួកគេបានវាយបកយកឈ្នះលើក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៤-១ វិញនោះ ចំណែកក្រុមអង្គរថាយហ្គឺរ បានយកឈ្នះលើក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំ ២-០ ដើម្បីឡើងទៅឈរនៅលេខ៥ រីឯវិសាខា បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-០ ដើម្បីឡើងមកឈរនៅលេខ៤ ដែលជាទីតាំងចាស់របស់ក្រុមណាហ្គាវើល ខណៈក្រុមទ័ព បានយកឈ្នះក្រុមនគរបាលជាតិ ៣-១ ដើម្បីបន្តឈរនៅលេខ៧ដដែល៕