គ្រូ​បង្គោល និងក្រុម​ការងារបច្ចេសក​ទេស​របស់ក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជា អាយុ​ក្រោម​១៩​ឆ្នាំ នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នឹង​ធ្វើ​តេស្ត ជ្រើសរើស​កីឡាករវ័យ​ក្មេង ដែល​មានសមត្ថ​ភាពពិតប្រាកដ សម្រាប់ត្រៀម​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់ AFC U19 Championship 2020 នៅ​ប្រទេសអ៊ូសបេគីស្ថាន។

កីឡាករ​វ័យក្មេង​មាន​អាយុ​ក្រោម​១៩​ឆ្នាំ ចំនួន​៣៨​នាក់ ក្នុងនោះ​ក៏​មានខ្សែ​ប្រយុទ្ធ​លេច​ធ្លោរ​ជាង​គេ សៀង ចន្ធា របស់​ក្លិបបឹងកេត ផងដែរ គឺ​ត្រូវ​បានសហព័ន្ធកីឡាបាល់​ទាត់កម្ពុជា កោះហៅ​ឲ្យ​មក​ធ្វើ​តេស្ត នៅពហុកីឡដ្ឋាន នា​រសៀល​ម៉ោង​៤ ថ្ងៃ​អង្គារ​នេះ ដើម្បី​រក​អ្នក​មានសមត្ថ​ភាព សម្រាប់ចូល​រួមជាមួយ​ក្រុម​U19ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ខ្លួន​ក្នុង​យុទ្ធនាការ​មួយនេះ។

បើទោះបីជា នៅពេលនេះ សហព័ន្ធ ក៏​ដូចជា​គ្រូ​បង្គោល និងក្រុមបច្ចេក​ទេសនៃ​ក្រុម​U19ជម្រើសជាតិកម្ពុជា នៅមិនទាន់បាន​ប្រាប់​ពី​លក្ខខណ្ឌ​នៃ​ការ​ធ្វើតេស្តនេះ ប៉ុន្តែ​តាម​ច្បាប់​នៃ​ការ​ប្រកួត​ពាន​រង្វាន់ AFC U19 Championship នេះ គឺ​មាន​តែ​កីឡាករ​២៣​នាក់ប៉ុណ្ណោះ នឹង​ត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​លេង តំណាង​ឲ្យ​ប្រទេស​នីមួយៗ សម្រាប់ការ​​ធ្វើ​ដំណើរ​ទៅ​ចូល​រួមព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ថា តាម​រយៈការ​ចាប់​ឆ្នោត ក្នុងវគ្គ​១៦​ក្រុម ឬ​ជុំ​ផ្តាច់​ព្រ័ត្រ នៃ​ពាន ​AFC U19 Championship 2020 នៅទី​ក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី​១៨ ខែមិថុនា កន្លង​មក​នេះ ក្រុម​U19​ជម្រើស​ជាតិ​កម្ពុជា​ បាន​​ឈរ​នៅ​ពូល​A ជាមួយក្រុម​ម្ចាស់​ផ្ទះ អ៊ូសបេគីស្ថាន ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់។

តាមកាលវិភាគនៃ​ការ​ប្រកួត គឺ​​ក្រុមកម្ពុជា នឹង​ត្រូវ​ប្រកួតលើក​ឆាក​ជាមួយ​ក្រុម​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​១៤ ខែតុលា មុន​ទៅ​ជួបក្រុម​ម្ចាស់ផ្ទះអ៊ូសបេគីស្ថាន នៅ​ថ្ងៃទី​១៧ និង​ចុងក្រោយ​ត្រូវ​ប៉ះក្រុមអ៊ីរ៉ង់ នៅ​ថ្ងៃទី​២០ ខែតុលា អ៊ីចឹងមានន័យ​ថា ក្រុមU19កម្ពុជា នៅមាន​ពេលវេលាច្រើនទៀត ក្នុងការ​ហ្វឹកហាត់ពង្រឹង​សមត្ថ​ភាព​បន្ថែម ខណៈ​ការ​បាន​ឡើង​មក​លេង​ដល់​វគ្គ​១៦​ក្រុមនេះ គឺ​ជាការ​​បំបែកកំណត់​ត្រា​ប្រវត្តិ​សាស្រ្ត​របស់ក្រុមជំទង់គោព្រៃ ក្រោយ​​ពួកគេ បាន​​រង់​ចាំ​អស់​រយៈពេល​៤៥​ឆ្នាំ​៕