អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Lionel Messi បានអំពាវនាវឲ្យមានការផ្លាស់ប្តូរ ក្រោយពីក្រុម Barcelona បានបាត់បង់ពិន្ទុពាន La Liga ក្រោមស្នាដៃក្រុម Real Madrid កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការតឿនរំឭកថា ក្រុមរបស់គេនឹងរងបរាជ័យក្នុងក្របខ័ណ្ឌ Champions League ប្រសិនបើពួកគេមិនអាចបងកើនកម្រិតលេងឲ្យល្អប្រសើរទេនោះ។
ការប្រជែងដណ្តើមពានរបស់ក្រុម Barcelona បានបញ្ចប់ទាំងការខកចិត្ត នៅកីឡដ្ឋាន Camp Nou ខណៈដែលពួកគេបានរងបរាជ័យក្នុងលទ្ធផល ២-១ កោមស្នាដៃក្រុម Osasuna ស្របពេលដែលក្រុម Real Madrid បានយកឈ្នះលើក្រុម Villarreal ២-១ លើទឹកដីខ្លួនឯង ដើម្បីលើកពានក្របខ័ណ្ឌរបស់អេស្ប៉ាញ។ ការរងបរាជ័យមួយនេះ បានបង្កើនសម្ពាធមួយកម្រិតទៀតលើលោកគ្រូបង្វឹក Quique Setien ដែលបានចូលកាន់តំណែង កាលពីខែមករា ក្នុងពេលដែលក្រុម Barcelona កំពុងតែឈរលើកំពូលតារាង។
លោក Josep Maria Bartomeu ដែលជាប្រធានក្លិប បានបញ្ជាក់ថា លោក Setien នឹងនៅតែបន្តដឹកនាំក្រុម សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅខែក្រោយ ដែលនៅពេលនោះ ក្រុម Barca នឹងត្រូវប្រកួតជើងទី២នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Napoli ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីជើងទី១។ ក្រោយពីការរងបរាជ័យក្រោមស្នាដៃក្រុម Osasuna កីឡាករ Messi បានឲ្យដឹងថា៖ «អារម្មណ៍របស់ក្រុមគឺថា យើងព្យាយាម ប៉ុន្តែ មិនអាចធ្វើបាន យើងធ្វើបានយ៉ាងល្អនៅតំបន់ជាច្រើន ហើយនៅថ្ងៃនេះ ក្នុងតង់ទី១ ខ្ញុំគិតថា ពួកគេធ្វើបានល្អប្រសើរជាងយើង»៕
ប្រភពព័ត៌មាន៖ Channel News Asia