ប្រទេសអេស្ប៉ាញ៖ លោក Xavi Hernandez ដែលកំពុងតែដឹកនាំក្លិប Al-Sadd ក្នុងប្រទេសកាតា បានបញ្ជាក់ថា «គោលដៅចម្បង» របស់លោកគឺដឹកនាំក្លិប Barcelona ដែលជាក្លិបលោកធ្លាប់បានឈ្នះពានជាច្រើន ប៉ុន្តែ លោកកំពុងតែផ្តោតលើការងារនាពេលបច្ចុប្បន្នរបស់លោក។
លោក Xavi ក៏បានបញ្ជាក់ថា លោកកំពុងតែមានសុខភាពល្អ ក្រោយពីបានតេស្តឃើញជាវិជ្ជមានទៅលើវីរុសកូរ៉ូណា។ នៅក្នុងកិច្ចសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ នៅទំព័រកាសែត Marca ក្នុងទីក្រុងម៉ាឌ្រីដ លោក Xavi បានឲ្យដឹងថា៖ «ខ្ញុំមិនលាក់បាំងឡើយ ហើយខ្ញុំតែងតែបាននិយាយថា គោលដៅដ៏ចម្បងរបស់ខ្ញុំ នៅពេលដែលវាអាចកើតឡើង គឺក្លិប Barca។ ទីនោះគឺជាផ្ទះរបស់ខ្ញុំ ហើយនិងក្លាយជាសុបិនមួយ»។
លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំកំពុងតែផ្តោតលើការដឹកនាំក្លិប Al-Sadd ដែលកំពុងតែរំភើបជាមួយនឹងរដូវកាលថ្មី។ នៅពេលដែល Barca ដាក់សំណើ មិនថា ក្នុងរយៈពេលខ្លី ឬវែងក៏ដោយ ខ្ញុំនឹងទទួលយកភ្លាម»។ លោក Xavi បានបញ្ជាក់ថា លោកមិនចង់ធ្វើឲ្យតំណែងរបស់គ្រូបង្វឹកបច្ចុប្បន្នគឺលោក Quique Setien គ្មានស្ថិរភាពឡើយ៕
ប្រភពព័ត៌មាន៖ Channel News Asia