ក្រុមអង្គរថាយហ្គឺរ ដែលទើបជួបការខកចិត្តខ្លាំង នៅក្នុងការប្រកួតពានសម្តេចហ៊ុនសែន នោះ បានចាត់ទុកការវិលមកជួបក្រុមណាហ្គាវើល ក្នុងការប្រកួតលីកកំពូលកម្ពុជា នៅសប្តាហ៍នេះ ថាប្រៀបបាន ទៅនឹងការប្រកួតកាត់សេចក្តីចុងក្រោយ ដើម្បីកំណត់ពីជោគវាសនារបស់ខ្លួន ប៉ុន្តែដៃគូប្រជែង Top6 របស់ពួកគេ គឺក្រុមកងយោធពលខេមរភូមិន្ទុ (ទ័ព) ក៏ត្រូវធ្វើការងារធ្ងន់ដូចគ្នា។
ក្រុមអង្គរថាយហ្គឺរ នៅពេលនេះ បាននឹងកំពុងធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការខឹង និងអស់សង្ឃឹម ខណៈពួកគេ បានទៅចាញ់ក្រុមយុវជនវិសាខា ដែលលេងតំណាងឲ្យខេត្តព្រៃវែង ៣-២ ដ៏មិនគួរឲ្យចង់ជឿ នៅក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្តេចហ៊ុន សែន កាលពីថ្ងៃពុធនោះ ហើយនៅថ្ងៃសៅរ៍នេះ អង្គរថាយហ្គឺរ ត្រូវប្រឈមជាមួយក្រុមខ្លាំង ណាហ្គាវើល ទៅទៀត។
លោក អ៊ុំ ករុណា លេខាធិការក្លិបអង្គរថាយហ្គឺរ បានទទួលស្គាល់ថា ក្រុមណាហ្គាវើល ជាក្រុមដ៏ខ្លាំងមួយ នៅលីកកំពូល ដែលមានការពិបាក ក្នុងការទប់ទល់ ប៉ុន្តែក្រុមរបស់លោក គ្មានជម្រើសអ្វីក្រៅពីលេងឲ្យអស់ពីលទ្ធភាព ដើម្បីប្រជែងយក៣ពិន្ទុនោះទេ ព្រោះបើសិនជាចាញ់ គឺពួកគេ នឹងបញ្ចប់ឱកាសខ្លួនឯងត្រឹមនេះ ក្នុងការប្រជែងឡើងទៅតំបន់ Top6 ដែលជាទីតាំង អាចមានសិទ្ធិប្រកួតប្រជែងយកពាន នៅជើងទី២។
លោក អ៊ុំ ករុណា បានប្រាប់ថា៖ «ជំនួបនេះ វាដូចទៅនឹងការប្រកួតកាត់សេចក្តីចុងក្រោយរបស់យើងដែរ ថាតើ យើងនៅមានឱកាសប្រជែងទៅ Top6 ឬអស់ឱកាសត្រឹមនេះ អ៊ីចឹងទោះបីជា ណាហ្គាវើល ជាក្រុមខ្លាំង នៅក្នុងលីកកំពូល ប៉ុន្តែកីឡាកររបស់យើង បានប្តេជ្ញាចិត្តហើយថា ត្រូវខំប្រឹងលេងឲ្យអស់ពីអ្វីដែលយើងមាន ដើម្បីធ្វើម៉េចឲ្យឈ្នះការប្រកួត ព្រោះបើយើងចាញ់ គឺយើងមិនបានចូលទៅក្នុង Top6 នោះទេ ដ្បិតអីពេលនេះ ក្រុមទ័ព មានឱកាសច្រើនជាងយើង»។
យោងតាមលទ្ធផលនៃការប្រកួត១០លើកកន្លងមកនេះ ក្រុមអង្គរថាយហ្គឺរ ដែលបានធ្លាក់មកឈរនៅលេខ៧ គឺមានឱកាសត្រឹមប្រជែងយកលេខរៀងទី៦ ជាមួយទ័ព ហើយការទទួលបានឱកាសនេះ លុះត្រាតែអង្គរថាយហ្គឺរ អាចយកឈ្នះក្រុមណាហ្គាវើល ផងដែរ ស្របពេលក្រុមទ័ព ជួបការចាញ់ផងដែរ ព្រោះសម្រាប់ការប្រកួតលើកទី១២ចុងក្រោយ ក្នុងជើងទី១នេះ ទាំង២នេះ សុទ្ធតែអាចរកឃើញការឈ្នះដូចគ្នា។
យ៉ាងណាក៏ដោយ ការតាំងចិត្តខ្ពស់របស់គ្រូបង្គោលក្រុមណាហ្គាវើល លោក មាស ចាន់ណា ក្នុងការដឹកនាំក្រុមឲ្យទទួលបានជ័យជម្នះ សម្រាប់ការប្រកួត២លើកចុងក្រោយ ក្នុងជើងទី១នេះ បានបង្ហាញថា ឱកាសប្រជែងយក៣ពិន្ទុរបស់ក្រុមអង្គរថាយហ្គឺរ វាមិនមែនជាការងាយស្រួលនោះទេ ចំណែកក្រុមទ័ព ក៏ពិបាករកការឈ្នះដូចគ្នា ព្រោះនៅសប្តាហ៍នេះ ពួកគេ ត្រូវប្រឈមជាមួយ ភ្នំពេញក្រោន ដែលកំពុងស្រេកឃ្លានការឈ្នះ ដើម្បីដណ្តើមទីតាំងលេខ៣ ពីវិសាខា។
ផ្ទុយពីនេះ ក្រុមព្រះខ័នរាជស្វាយរៀង អាចនឹងនៅតែមានស្ថិរភាព ក្នុងការរកបានជ័យជម្នះ ដើម្បីពង្រឹងទីតាំងកំពូលតារាងរបស់ខ្លួន ចំណែកក្រុមបឹងកេត ក៏អាចនឹងឈ្នះបាន៣ពិន្ទុ ដើម្បីបន្តឈរនៅលេខ២ផងដែរ ព្រោះក្រុមទាំង២នេះ សុទ្ធតែត្រូវជួបក្រុមមានកម្រិតលេងទាបជាងខ្លួន៕