ក្រុម​បឹង​កេត បាន​ក្លាយជា​ក្រុមតែ​មួយ​គត់ ដែល​រក្សា​បានកំណត់​ត្រា​មិន​ស្គាល់​ការចាញ់​សោះ សម្រាប់​ការ​ប្រកួត​ជើង​ទី​១ នៃ​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ បន្ទាប់ពី​ពួក​គេ បាន​យក​ឈ្នះ​ក្រុម​ខ្លាំង ព្រះ​ខ័នរាជស្វាយរៀង ៤-២ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ ចំណែក​ក្រុម​កងយោធពល​ខេមរភូមិន្ទ (ទ័ព) ទទួល​បាន​ជោគ​ជ័យ លើស​ពី​ផែន​ការ​ ដែល​បាន​ដាក់​ចេញ ក្នុងការ​ប្រជែង​ឡើងទី​តំបន់ Top6 ប៉ុន្តែ​ក្រុមអង្គរ​ថាយហ្គឺរ បានក្លាយ​ជា​ក្រុម​ដែល​​ទទួល​បាន​ការ​ខក​ចិត្ត​ផ្ទួនៗ នៅ​ក្នុង​រដូវកាល​នេះ។

សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ស្វាយ​រៀង កាល​ពី​យប់ថ្ងៃអាទិត្យ​នោះ ក្រុមម្ចាស់​ផ្ទះ ស្វាយរៀង បាន​ព្យាយាម​ដាក់​សម្ពាធ​ក្រុម​ភ្ញៀវ បឹងកេត ច្រើន ប៉ុន្តែ​​ការ​វាយ​បក​លឿនៗ​របស់​បឹង​កេត បាន​ផ្តល់​ឱកាស​ឲ្យ​កីឡាករពាក់​លេខ​៥០ Gopane Mothusi និង ម៉ាត់ នូរុណ រក​បាន​ម្នាក់​១​គ្រាប់ នៅនាទីទី​២៣ និងទី​៣៩ ដើម្បី​បញ្ចប់​ការ​ប្រកួត​តង់​ទី​១ ជាមួយ​ការ​នាំ​មុខ ២-០។

ឈាន​ចូល​តង់​ទី​២ ខ្សែ​ប្រយយុទ្ធឆ្នើម​វ័យ​ក្មេង សៀង ចន្ធា បានបន្ថែម​១​គ្រាប់​ទៀត​ឲ្យ​បឹង​កេត នៅនាទីទី​៤៩ នៅ​មុន​ពេល​កីឡាករ​ជប៉ុន​ពាក់​លេខ​២០ Kobayashi ​រក​បាន​​គ្រាប់បាល់​បើក​ឆាក​ឲ្យ ក្រុមខស្វាយរៀង នៅនាទីទី៦៦ ហើយ​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​១០ Privat បាន​បន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​៨៦ គឺ​ក្រោយ​ពេល​រូប​គេ​ស៊ុត​បាល់​ពិន័យ​១១ម៉ែន មិន​បានសម្រេច។

យ៉ាង​ណា​ក៏​ដោយ ការ​ព្យាយាម​វាយ​សម្រុក​របស់​ក្រុមស្វាយរៀង នៅ​ចុង​ម៉ោង បានផ្តល់​ឱកាស​ឲ្យ ម៉ាត់ នូរុណ រក​ឃើញ​គ្រាប់បាល់​ទី​២​របស់​ខ្លួន នៅនាទីទី​ ៩០+៨ ខណៈខ្សែ​ការពារ​របស់​ស្វាយរៀង បាន​ទាត់បាល់​ភ្លាត់​ថយ​ក្រោយ ស្របពេល​​អ្នក​ចាំទី​ អាំ សុវណ្ណារ៉ាត់ ក៏បាន​ឡើង​ទៅ​ជួយ​តែត​បាល់ ពី​ការ​លើក​បាល់​ចេញ​ពី​ជ្រុង​ដែរ​នោះ ហើយ​ជ័យជម្នះ​នេះ បាន​ជួយ​ឲ្យ បឹងកេត ទទួល​បាន​ជោគ​ជ័យ ក្នុងការ​ដណ្តើម​បាន​លេខ​១ ពី​ក្រុមស្វាយរៀង នៅ​ក្នុងជើងទី​១​នេះ។

ចំណែក​ក្រុ​ទ័ព ដែល​មាន​ផែន​ការ ដណ្តើម​បាន​ត្រឹម​លេខ​៦​នោះ បែរ​ជា​អាច​ហក់​ឡើង​ទៅ​ឈរ​នៅ​លេខ​៤ យ៉ាង​រំភើប សម្រាប់​ការ​បញ្ចប់​ការ​ប្រកួត​ជើងទី​១​នេះ ហើយ​ការ​ទទួល​បាន​ជោគជ័យ លើស​ផែន​ការ​របស់​ក្រុមទ័ព បន្ទាប់​ពី​ពួក​គេ បាន​យក​ឈ្នះ​ក្រុមអគ្គិសនី​កម្ពុជា ៤-២ ស្រប​ពេល​ពេល​ក្រុម​ណាហ្គាវើល ​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​វិសាខា នោះ ខណៈ​គ្រាប់​បាល់​តាមស្មើ​របស់ វិសាខា បាន​កើតមាន​ឡើង នៅ​ក្នុងនាទីទី ៩០+៤ ដែល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Mihaljevic Filip គឺ​ក្រោយ​ពេល ឡេង មករា បាន​ជួយឲ្យ ណាហ្គាវើល នាំ​មុខ តាំងពីនាទីទី​៥៧។

ចំណែក​ក្រុម​ភ្នំពេញ​ក្រោន ដែល​បាន​បញ្ចប់​ការ​ប្រកួតជាមួយការ​ឈ្នះ​៦ ស្មើ​៤ និងចាញ់​២​ប្រកួត​នោះ បាន​ឈរ​នៅ​លេខ​៥ ដោយ​មាន​២២ពិន្ទុស្មើជាមួយ​ក្រុម​ណាហ្គាវើល ហើយ​តាម​រយៈ​លទ្ធផល​នៅ​ជើងទី១​នេះ គឺ​ក្រុម​បឹងកេត ស្វាយរៀង វិសាខា ទ័ព ភ្នំពេញ​ក្រោន និងណាហ្គាវើល ដែល​បាន​ឈរ​នៅ​តំបន់ Top6 សុទ្ធ​តែ​មាន​សិទ្ធិ បាន​ប្រកួត​ប្រជែង​យក​ពាន នៅជើងទី​២។

ផ្ទុយ​ពី​នេះ ក្រុម​អង្គរ​ថាយហ្គឺរ ដែលធ្លាប់​ឈរ​នៅ​លេខ​រៀងទី​២​នោះ បាន​ផ្ទាត់​ចេញ​ពី Top6 និង​សល់​ត្រឹម​ការ​ប្រកួត​ធម្ម​តា ដើម្បី​ដណ្តើម​យក​លេខ​រៀងពី​លេខ​៧ ដល់​លេខ​១៣ នៅ​ក្នុងការ​ប្រកួតជើងទី​២ ជាមួយ​ក្រុមចំនួន​៦​ទៀត ហើយ​ក្រៅ​ពី​ការ​បាត់​បង់ឱកាស​ដ៏​ធំ​នេះ អង្គរថាយហ្គឺរ ក៏​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់​សម្តេចហ៊ុន សែន ឆ្នាំ​២០២០​ ត្រឹម​វគ្គ​១៦​ក្រុមចុង​ក្រោយ​ផងដែរ ខណៈ​ពួក​គេ បានចាញ់​ក្រុម​យុវជន​វិសាខា ដែល​លេងតំណាង​ឲ្យក្រុមខេត្ត​ព្រៃ​វែង ជាមួយការ​ចាញ់ ៣-២ នៅ​ជើងទី​១ និងស្មើ​គ្នា ២-២ នៅ​ជើងទី​២​នោះ៕