បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi មិនត្រូវបានឃើញចូលរួមនៅទីលានហ្វឹកហាតរបស់ក្លិប Barcelonaដើម្បីចូលរួមធ្វើតេស្តរកវីរុសកូរ៉ូណាឡើយ កាលពីថ្ងៃព្រឹកថ្ងៃអាទិត្យ ខណៈដែលការអវត្តមានរបស់គេនាំឲ្យមានការសង្ស័យថា រូបគេនឹងធ្វើពហិការមុនបើករដូវកាល ដើម្បីព្យាយាមចាកចេញពីក្លិបនេះ។
លោក Ronald Koeman គ្រូបង្វឹកថ្មីរបស់ Barcelona និងកីឡាករក្រុមឈុតធំ បានធ្វើដំណើរឆ្លងកាត់ច្រកចូល ទៅកាន់ទីលានហ្វឹកហាត់ Ciutat Esportiva ប៉ុន្តែ Messi មិនត្រូវបានស្ថិតក្នុងចំណោមពួកគេឡើយ។ នេះបើយោងទៅតាមអ្នកកាសែតរបស់ AFP នៅតំបន់ Sant Joan Despi។ បើយោងទៅតាមបណ្តាញសារព័ត៌មានអេស្ប៉ាញ Messi ត្រូវតម្រូវឲ្យចូលរួមធ្វើតេស្តនៅម៉ោង ១០:១៥ ព្រឹក ប៉ុន្តែ រូបគេបានជូនដំណឹងដល់ក្លិបរបស់ខ្លួនរួចជាស្រេច តាមរយៈក្រុមមេធាវីរបស់គេថា រូបគេនឹងមិនចូលរួមការធ្វើតេស្តឡើយ។
ប្រសិនបើឆ្លងកាត់ការធ្វើតេស្តទេនោះ Messi មិនអាចចូលរួមក្នុងវគ្គហ្វឹកហាត់មុនបើករដូវកាលជាមួយនឹងក្រុមរបស់លោក Koeman នៅថ្ងៃចន្ទនេះ បានឡើយ ខណៈដែលរដូវកាលថ្មីរបស់ក្របខ័ណ្ឌ La Liga នឹងចាប់ផ្តើមក្នុងរយៈពេលតិចជាង២សប្តាហ៍ទៀត៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

