ក្រុមភ្នំពេញក្រោន បានធ្វើឲ្យឱកាសការពារតំណែងជើងឯក នៃលីកកំពូលកម្ពុជា របស់ក្រុមព្រះខ័នរាជស្វាយរៀង បានធ្លាក់ចុះមួយកម្រិតទៀត ក្រោមស្នាដៃរបស់ពួកគេ ចំណែកខ្សែប្រយុទ្ធ ម៉ាត់ នូរុណ បានក្លាយជាវីរបុរស ដែលបានជួយឲ្យក្រុមបឹងកេត កើនភាគរយ ក្នុងការឆ្ពោះទៅរកការឈ្នះពាន នៅរដូវកាលនេះ។
សម្រាប់ការប្រកួតនៅលើទីលានផ្សេងគ្នា កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ ភ្នំពេញក្រោន បានបង្កើតរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះ ស្វាយរៀង ២-១ ខណៈការប្រកួតនោះកីឡាករជប៉ុនពាក់លេខ៩ Nieto រកបានគ្រាប់បាល់បើកឆាកឲ្យ ភ្នំពេញក្រោន នៅនាទីទី៦ មុនពេល ប្រាក់ មុនីឧត្តម ស៊ុតតាមស្មើឲ្យ ស្វាយរៀង នៅនាទីទី២៣ ប៉ុន្តែ Nieto ដដែល បានរកឃើញគ្រាប់បាល់ទី២របស់ខ្លួន និងជាគ្រប់បាល់ជ័យជម្នះឲ្យ ភ្នំពេញក្រោន នៅនាទីទី៣៥។
នៅក្រោយការឈ្នះបាន៣ពិន្ទុ នៅកីឡដ្ឋានខេត្តស្វាយរៀងនេះ លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន បានជំរុញឲ្យកូនក្រុមរបស់លោក បង្កើនឆន្ទៈឲ្យបានកាន់តែខ្លាំង សម្រាប់ត្រៀមការប្រកួតចំនួន៤លើកទៀត នៅក្នុងតំបន់ Top6 នេះ។
អតីតខ្សែប្រយុទ្អក្រុមជម្រើសជាតិ កែវ សុខង៉ន បាននិយាយជាមួយកូនក្រុម នៅក្រោយការប្រកួតថា៖ «អ្វីដែលយើងទទួលបាននៅថ្ងៃនេះ វាកើតចេញពីការជឿជាក់លើគ្នា ការតាំងចិត្តទាំងអស់គ្នា និងការមានឆន្ទៈដូចគ្នា អ៊ីចឹងយើងនឹងបន្ត៤ប្រកួតទៀត ដោយសង្ឃឹមថា អ្នកទាំងអស់គ្នា មានឆន្ទៈខ្ពស់ជាងនេះទ្វេដង»។
ជាមួយគ្នានេះ ក្រុមបឹងកេត បានបន្តយកឈ្នះលើក្រុមម្ចាស់ផ្ទះ វិសាខា ៣-២ ហើយការឈ្នះបាន៣ពិន្ទុនេះ វាបានកើតមានឡើងនៅនាទីទី ៩០+៥ ដែលជាការស៊ុតបាល់បញ្ចូលទីចុងក្រោយរបស់ ម៉ាត់ នូរុណ បន្ទាប់ពីក្រុមទាំង២ បានស្មើគ្នា ២-២ នៅត្រឹមនាទីទី៧១ ដោយក្នុងនោះ Filip បានជួយឲ្យ វិសាខា នាំមុខមុន នៅនាទីទី៥៥ មុនពេល ម៉ាត់ នូរុណ និង Gopane Mothusi រកបានម្នាក់១គ្រាប់ឲ្យ បឹងកេត នៅនាទីទី៥៨ និងទី៦៣ ហើយ Ajayi ជាអ្នកតែតស្មើឲ្យ វិសាខា វិញ នៅនាទីទី៧១។
ការឈ្នះ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះវិសាខា ស្របពេលក្រុមស្វាយរៀង ជាគូប្រជែង បានចាញ់ ភ្នំពេញក្រោន នេះ បានជួយឲ្យបឹងកេត បន្តឈរនៅលើកំពូលតារាង ដោយមាន៣៥ពិន្ទុ ដាច់ពី ស្វាយរៀង ចំនួន៤ពិន្ទុ។ ចំណែកក្រុមភ្នំពេញក្រោន បានឡើងមកឈរនៅលេខ៥ ខណៈ វិសាខា បានធ្លាក់ពីលេខ៣ ទៅឈរនៅលេខ៥វិញ ដោយមាន២៣ពិន្ទុ ស្មើជាមួយក្រុមណាហ្គាវើល ដែលបានត្រឹមស្មើ ១-១ ជាមួយក្រុមកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃសៅរ៍។
ដោយឡែក សម្រាប់ការប្រកួតប្រជែងរវាងក្រុមចំណាត់ថ្នាក់ទាំង៧ (ក្រុមលេខ៧ ដល់លេខ១៣) ក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុម នគរបាលជាតិ ១-០ ស្របពេល គិរីវង់សុខសែនជ័យ បានឈ្នះក្រុមយុវជនសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំ ២-១ ប៉ុន្តែក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា បានចាញ់ក្រុមសូលទីឡូអង្គរ ២-១៕