បរទេស៖ Kylian Mbappe នឹង​អវត្ត​មាន​ក្នុង​ការ​ប្រកួត​​ដណ្តើម​ពាន Nations League របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង ជាមួយនឹងក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី នៅ​រាត្រីនេះ និង​ការ​ប្រកួត​បើក​រដូវ​កាល​របស់​ក្លិប Paris Saint-Germain ក្រោយពី​បាន​តេស្ត​ឃើញជា​វិជ្ជ​មាន​ទៅលើ​វីរុស​កូវីដ-១៩ កាលពីថ្ងៃចន្ទ​​។

ការ​រក​ឃើញ​ថ្មី​​ចុងក្រោយ​នេះ មាន​ន័យ​ថា កីឡាករ​៧នាក់​របស់​ក្លិប PSG បាន​តេស្ត​ឃើញ​ជា​វិជ្ជ​មាន​ទៅលើ​វីរុស​កូរ៉ូ​ណា ក្នុងនោះ​​រាប់​បញ្ចូល​ទាំ​ង​តារា​ឆ្នើម Neymar ដែល​ជា​ដៃគូ​របស់ Mbappe ផងដែរ​។ Mbappe ដែល​បាន​ចូលរួម​វគ្គ​ហ្វឹកហាត់​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ នៅមុន​ពេល​ដឹង​ពី​លទ្ធផល​តេស្ត​របស់​ខ្លួន​នោះ គឺជា​កីឡាករ​ទី​៧​របស់​ក្លិប Paris Saint-Germain ដែល​បាន​ឆ្លង​វីរុស​កូរ៉ូ​ណា​។ Neymar គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​ត្រូវ​បាន​រកឃើញ​លទ្ធផល​វិជ្ជ​មាន​កាល​ពីសប្តាហ៍​មុន​។ ថ្នាកដឹកនាំក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង បាន​ឲ្យដឹងថា៖ «រូប​គេ​ត្រូវ​បាន​ដាក់​ឲ្យ​ដាច់​ដោយ​ឡែកពីក្រុម​ក្រោយពី​ទទួល​បាន​លទ្ធផល​​ពេល​បញ្ចប់​ការ​ហ្វឹកហាត់ នៅមុន​ពេល​វិល​ទៅផ្ទះ​របស់​​គេ​វិញ នា​ពេល​ល្ងាច​»​។

តបតាម​សំណើរបស់​សហ​ព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺ​រ៉ុប (UEFA) ​នៅមុន​ពេល​ការ​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​ កាលពីថ្ងៃ​សៅរ៍ ថ្នាក់ដឹកនាំក្រុម​ជម្រើស​ជាតិ​បារាំង បាន​ឲ្យដឹង​ថា៖ «ដូច​ទៅនឹង​សមា​ជិកក្រុម​ដទៃ​ទៀត​ដែរ Mbappe បាន​ទទួល​ការ​ធ្វើ​តេស្ត នៅមុន​ពេល​​ធ្វើការ​ប្រមូលផ្តុំ​។ លទ្ធផល​គឺ​អវិជ្ជ​មាន​កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ មាន​ភាព​វិជ្ជ​មាន​វិញ កាល​ពីថ្ងៃ​ចន្ទ​»៕

 

ប្រភព​ព័ត៌​មាន៖ BBC