បរទេស៖ ខ្សែប្រយុទ្ធ Timo Werner បានបញ្ជាក់ថា រូបគេនឹរឹងមាំទាន់ពេលដើម្បីប្រកួតជាមួយនឹងក្រុម Liverpool នៅថ្ងៃអាទិត្យខាងមុខនេះ ក្រោយពីតារាឆ្នើមចំណូលថ្មីរបស់ក្លិបតោខៀវ Chelsea រូបនេះ បានបញ្ចប់ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ របស់ក្រុមខ្លួននៅលើទឹកដីក្រុម Brighton តាមរយៈការយកដុំទឹកកស្អំលើភ្លៅរបស់គេ។
Werner បានបង្កើតការភ្ញាក់ផ្អើលនៅក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងក្របខ័ណ្ឌ Premier League តាមរយៈការជួយឲ្យក្រុមខ្លួនមានបាល់ប៉េណាល់ទី ខណៈដែល Jorginho បានស៊ុតបាល់បំប៉ោសំណាញ់ទីយ៉ាងល្អដើម្បីជួយឲ្យក្រុម Chelsea មានគ្រាប់បាល់នាំមុខ ប៉ុន្តែ តារាឆ្នើមអន្តរជាតិអាល្លឺម៉ង់រូបនេះ បានជួបបញ្ហាលើជើងឆ្វេងរបស់គេ ខណៈដែលរូបគេត្រូវបានប្រជែងដណ្តើមបាល់ដោយអ្នកចាំទី Mat Ryan របស់ក្លិប Brighton ក្នុងការប៉ះទង្គិចគ្នានោះ។ កីឡាករវ័យ២៤ឆ្នាំរូបនេះ ដែលបានផ្ទេរមកពីក្លិប Leipzig ក្នុងពេលបិទរដូវកាល អាចលេងបានរហូតដល់៩០នាទីពេញ បើទោះបីជួបបញ្ហានោះក៏ដោយ និងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលបង្ហាញពីទម្រង់លេងដ៏ល្អរបស់ Chelsea។
នៅពេលដែលរូបគេត្រូវបានសម្ភាស ក្រោយពីការបញ្ចប់ការប្រកួត ដោយមានដុំទឹកកកស្អំរបួសរបស់គេ Werner បាននិយាយថា រូបគេរំពឹងទុកថា នឹងមានភាពរឹងមាំ សម្រាប់ការធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Liverpool ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។ Werner បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ជង្គង់របស់អ្នកចាំទី បានប៉ះនឹងសាច់ដុំខ្ញុំ ហើយខ្ញុះពិតជាចុកណាស់។ ខ្ញុំអារម្មណ៍ឈឺក្នុងការប្រកួតដែលនៅសល់»៕
ប្រភពព័ត៌មាន៖ Channel News Asia