បរទេស៖ Lionel Messi ជឿជាក់ថាព្រឹត្តការណ៏ប្រកួតបាល់ទាត់ Copa America ឆ្នាំ ២០២១ ជាឪកាសថ្មីមួយទៀត ដែលខ្លួនត្រៀមប្រកួតប្រជែងដើម្បីកិត្តិយសដ៏ធំជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។ទោះបីជាទទួលបានជោគជ័យច្រើនបំផុតជាមួយក្លឹបអាជីព Barcelona ក្រោយឈ្នះពានរង្វាន់លីគកំពូល La Liga ១០ ដងនិងពានរង្វាន់ទ្វីបអឺរ៉ុប៤ដង រួមទាំង ពានឥស្សរិយៈយសជាន់ខ្ពស់ជាមួយជម្រើសជាតិក៏ដូចជាពានរង្វាន់បាល់មាស (Ballon D’or) ចំនួន ៦ សម័យកាល ប៉ុន្តែកីឡាករវ័យ៣៣ឆ្នាំរូបនេះនៅមិនទាន់ឈ្នះពានដ៏អស្ចារ្យនិងធំបំផុតជាមួយអាហ្សង់ទីន នោះទេក្រោយបង្ហាញខ្លួនបាន១៣៨ប្រកួត។

បើទោះបីជាធ្លាប់ឈ្នះពានមេដៃមាសអូឡាំពិកឆ្នាំ ២០០៨ ប៉ុន្តែ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និង Barcelona រូបនេះបានជួបរឿងខកចិត្តចុងរយៈពេល៦ឆ្នាំចុងក្រោយផ្ទួនៗពោលគឺក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ និងបន្តការឈឺចាប់ Copa ឆ្នាំចុងក្រោយជាប់ៗគ្នាទៀត ក្រោយបរាជ័យវគ្គ ផ្តាច់ព្រ័ត្រនៅឆ្នាំ២០១៥ និង ២០១៦ ដែលរបួសស្នាមទាំងនោះពិតជាពិបាកព្យាបាលណាស់ ដែលជាកត្តាទាំងនោះបានសម្រេចអោយរូបគេពិចារណាចូលនិវត្តន៏ពីក្រុមជម្រើសជាតិនៅពេលនោះ។

គួរបញ្ជាក់ថាអាហ្សង់ទីន និង កូឡុំប៊ីនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ដ៏ធំប្រចាំទ្វីប អាមេរិកឡាទីនមួយនេះខណៈការប្រកួតនឹងត្រូវរៀបចំឡើងនៅចន្លោះថ្ងៃទី ១១ ខែមិថុនាដល់ថ្ងៃទី ១០ ខែកក្កដា២០២១ ។ដូច្នេះ Messi នឹងមានឱកាសជួយក្រុមជម្រើសជាតិសាងកេរ្ត៏ឈ្មោះលើ ទឹកដីកំណើតរបស់ខ្លួននាពេលនោះក្រោយពីរូបគេសម្រេចវិលត្រលប់មកជួយជម្រើសជាតិវិញនោះ៕
ប្រភពព័ត៍មាន៖ Goal
 
                