បរទេស៖ លោក Frank Lampard បានទទួលស្គាល់ថា Chelsea នឹងត្រូវការពេលជាច្រើនទៀតដើម្បីកាត់បន្ថយគម្លាតតាមពីក្រោយក្រុម Liverpool នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីក្រុមម្ចាស់ការពារជើងឯកមួយនេះ បានផ្តួលក្រុមតោខៀវ ក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធ Sadio Mane បានរកគ្រាប់បាល់ទាំង២គ្រាប់សម្រាប់ក្រុមរបស់លោក Jurgen Klopp ខណៈដែលរូបគេក៏បានបង្កើតឲ្យមានកាតក្រហមដល់ខ្សែការពារ Andreas Christensen នៅចុងតង់ទី១ផងដែរ នៅមុនពេលស៊ុតបាល់បញ្ចូលទី២គ្រាប់នៅចន្លោះពេល៤នាទីនៅដើមតង់ទី២។ ក្លិប Chelsea បានចំណាយប្រាក់២០០លានផោន (ស្មើនឹង២៦០លានដុល្លារអាមេរិក) ទៅលើការទិញចូលកីឡាករថ្មី ដើម្បីកាត់បន្ថយគម្លាតចំនួន៣៣ពិន្ទុរវាងក្រុមទាំង២ កាលពីរដូវកាលមុន ប៉ុន្តែ ការសម្រេចចិត្តក្នុងការបណ្តាក់ទុនទៅលើតំបន់ប្រយុទ្ធ ដោយមិនសូវផ្តោតលើតំបន់ការពារ បានផ្តល់ការខកចិត្តមួយផ្សេងទៀត ជាពិសេសការធ្វេសប្រហែសរបស់អ្នកចាំទី Kepa Arrizabalaga។
លោក Lampard ដែលមិនអាចទិញចូលកីឡាករថ្មីកាលពីឆ្នាំមុន ដោយសារតែការជាប់បម្រាមនោះ បានឲ្យដឹងថា៖ «គ្រប់ក្រុមទាំងអស់ដែលទទួលបានជោគជ័យ ត្រូវការពេល ត្រូវការការវិវឌ្ឍ ហើយដំណើរការរបស់យើងចាប់ផ្តើមនៅទីនេះ។ មិនមែនពីឆ្នាំមុនឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia


