បរទេស៖ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe បានបង្កើតការភ្ញាក់ផ្អើលនៅថ្ងៃនៃការវិលចូលលេងវិញរបស់គេ តាមរយៈការបង្ហាញពីទម្រង់លេងយ៉ាងល្អ និងបានស៊ុតបាល់បញ្ចូលទី១គ្រាប់ ខណៈដែលក្រុមម្ចាស់ការពារជើងឯក Paris St Germain បានរកឃើញទម្រង់លេងយ៉ាងល្អឥតខ្ចោះរបស់ពួកគេ ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Nice ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃអាទិត្យ។
Mbappe ដែលអវត្តមានក្នុងការប្រកួតឆាក់៣លើក ក្រោយពីបានឆ្លវីរុសកូរ៉ូណានោះ បានជួយឲ្យក្រុម PSG មានគ្រាប់បាល់នាំមុខមុននៅនាទី ទី៣៨ ដោយការស៊ុតបាល់ប៉េណាល់ទី ហើយក៏បានជួយឲ្យ Angel Di Maria រកបានគ្រាប់បាល់បញ្ចូលទីផងដែរ នៅមុនពេល Marquinhos បានរកគ្រាប់បាល់ទី៣ នៅតង់ទី២។ Mbappe បានប្រាប់ទូរទស្សន៍ Canal Plus ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានពាក់អាវលេងវិញ ពីព្រោះនៅទីនេះ ក្នុងទីក្រុងប៉ារីស នៅពេលដែលអ្នកខកខាន១ប្រកួត វាហាក់ដូចជាខកខានលេង១០ប្រកួតអ៊ីចឹង»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំបានចំណាយពេល២ ទៅ៣ថ្ងៃចុងក្រោយ ដោយការអង្គុយមើលទូរទស្សន៍ ហើយខ្ញុំពិតជាចង់វិលចូលលេងវិញ។
នេះគឺជារឿងដ៏ល្អក្នុងការបានស៊ុតបាល់បញ្ចូលទី ប៉ុន្តែ យើងនៅតែកំពុងឆ្លងដំណាក់កាលដ៏ស្មុគស្មាញ ហើយវាមិនងាយស្រួលឡើយ។ នេះគឺជាការដណ្តើមបានជ័យជម្នះដ៏កក់ក្តៅ ហើយការវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ គឺជារឿងដ៏ល្អឥតខ្ចោះ»៕
ប្រភពព័ត៌មាន៖ Channel News Asia