បរទេស៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុម AC Milan បានចាប់ផ្តើមយុទ្ធនាការនៃក្របខ័ណ្ឌ Serie A របស់ពួកគេ ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Bologna កាលពីថ្ងៃចន្ទ។
Ibrahimovic ដែលនឹងឈានចូលវ័យ៣៩ឆ្នាំនៅក្រោយ បានបង្ហាញថា រូបគេមិនបានបាត់បង់ទេពកោសល្យនៃការស៊ុតបាល់បញ្ចូលទីរបស់ខ្លួនឡើយ ក្រោយពីក៏បានស៊ុតបាល់បញ្ចូលទីផងដែរ នៅពេលប្រកួតជាមួយនឹងក្រុមអៀរឡង់ Shamrock Rovers ក្នុងការប្រកួត Europa League។ ទាក់ទងនឹងទម្រង់លេងរបស់គេ តារាឆ្នើមជើងចាស់រូបនេះបានឲ្យដឹងថា៖ «ប្រសិនបើខ្ញុំស្ថិតក្នុងវ័យ២០ឆ្នាំ ខ្ញុំនឹងស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់បន្ថែមទៀត។ ខ្ញុំដូចជា Benjamin Button អ៊ីចឹង ដោយកើតមកចាស់ ប៉ុន្តែ ខ្ញុំនឹងស្លាប់ទាំងភាពវ័យក្មេង។ ពិតណាស់ ក្រុមនេះបានធ្វើយ៉ាងល្អ ដូចដែលអ្នកបានឃើញស្រាប់ហើយ យើងមិនទាន់លេងបានល្អ១០០%នៅឡើយទេ ប៉ុន្តែ វាពិតជាសំខាន់ណាស់ក្នុងការចាប់ផ្តើមឲ្យបានល្អ»។
Ibrahimovic រកបានគ្រាប់បាល់បើកឆាកនៅនាទី ទី៣៥ តាមរយៈការតែតបាល់បញ្ចូលទីយ៉ាងល្អ និងបានអបអរពីមុខអ្នកគាំទ្រចំនួន១០០០នាក់ដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងកីឡដ្ឋាន San Siro ជាលើកទី១ បើគិតចាប់តាំងពីការផ្ទុះវីរុសកូរ៉ូណា៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

