បរទេស៖ លោក Frank Lampard បានបញ្ជាក់ថា លោកកំពុងតែខិតខំព្យាយាមធ្វើការជាមួយនឹងក្រុមទើបតែកែប្រែមុខមាត់ថ្មី Chelsea នៅលើទីលានហ្វឹកហាត់ ខណៈដែលកម្មវិធីប្រកួតបានកើតឡើងយ៉ាងមមាញឹក និងជាប់ៗគ្នា។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតបានជួយឲ្យពួកគេទទួលបានលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុម West Bromwich Albion កាលពីថ្ងៃសៅរ៍ ក្រោយពីក្រុមតោខៀវមួយនេះ បានដេញតាមពីក្រោយដល់ទៅ ៣-០។ លទ្ធផលនេះមានន័យថា Chelsea រកបានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ ពីការប្រកួតក្រខ័ណ្ឌ Premier League ៣ប្រកួតដំបូងរបស់ខ្លួន ក្រោយពីបានយកឈ្នះនៅថ្ងៃបើកឆាកពេលប៉ះក្រុម Brighton និងចាញ់ក្រុម Liverpool ២-០។ លោក Lampard ដែលបានចំណាយប្រាក់ជាច្រើនអំឡុងពេលបើកទីផ្សារដោះដូរកីឡាករនោះ បានស្តីបន្ទោសទៅលើការធ្វើឲ្យមានកំហុសជាលក្ខខណៈបុគ្គល ដែលនាំឲ្យក្រុមរបស់លោកមានបញ្ហានៅកីឡដ្ឋាន Hawthorns។ លោកបានបានបន្ថែមថា វាពិតជាលំបាកណាស់ក្នុងការធ្វើការងារឲ្យបានគ្រប់គ្រាន់នៅលើទីលានហ្វឹកហាត់ ស្របពេលដែលមានការប្រកួត២លើកក្នុង១សប្តាហ៍ ហើយការសម្រាកសម្រាប់ការប្រកួតអន្តរជាតិក៏នឹងខិតចូលឆាប់ៗផងដែរ។
នៅមុនពេលការប្រកួតពាន League Cup ជាមួយនឹងក្រុម Tottenham នៅរាត្រីនេះ លោក Lampard បានឲ្យដឹងថា៖ «ខ្ញុំរក្សាលើកឡើងពីករណីនេះ ហើយខ្ញុំមិនមែនកំពុងតែនិយាយលាងខ្លួន ឬកំពុងតែដោះសារឡើយ តែវាជាការពិត»៕
ប្រភពព័ត៌មាន៖ Channel News Asia