បរទេស៖ ក្លិបអាល្លឺម៉ង់ និងក្រុមបាល់ទាត់ជម្រើសជាតិ ចាំបាច់ត្រូវតែរៀនពីការផ្លាស់ប្តូរ ប្រសិនបើកីឡាករចង់នៅតែរឹងមាំ និងមានសុខភាពល្អ ក្នុងកម្មវិធីប្រកួតដ៏មមាញឹក និងបង្ហាញពីកម្រិតលេងក្នុងកម្រិតកំពូល នៅក្នុងព្រឹត្តិការណ៍ Euro នៅឆ្នាំក្រោយ។ នេះបើយោងទៅតាមគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់លោក Joachim Loew កាលពីថ្ងៃអង្គារ។

ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានកំណត់គោលដៅរបស់ខ្លួនយ៉ាងច្បាស់ទៅលើយុទ្ធនាការ Euro នៅឆ្នាំក្រោយ ខណៈដែលពួកគេចង់ស្តារមុខមាត់ពីការខកចិត្តក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨។ លោក Loew បានប្រាប់សន្និសីទសារព័ត៌មានថា៖ «សម្រាប់កីឡាករ រដូវកាលនេះ នឹងក្លាយជារដូវកាលមួយក្នុងចំណោមរដូវកាលដ៏មមាញឹកបំផុត។ យើងត្រូវតែផ្លាស់ប្តូរចុះឡើង ប្រសិនបើកីឡាករចង់នៅតែបន្តលេងក្នុងកម្រិតកំពូល ក្នុងដំណើរឆ្ពោះទៅកាន់យុទ្ធនាការនៅឆ្នាំក្រោយ»។
អាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិតួកគី នៅរាត្រីនេះ នៅមុនពេលធ្វើដំណើរទៅជួបក្រុមអ៊ុយក្រែន នៅថ្ងៃទី១០ ខែតុលា ហើយបន្ទាប់មក ធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមស្វ៊ីស ក្នុងរយៈពេល៣ថ្ងៃក្រោយមក នៅក្នុងពាន Nations League៕
ប្រភពព័ត៌មាន៖ Channel News Asia