បរទេស៖ ក្រុមតោកំណាចអង់គ្លេសបានវាយបកផ្តួលក្រុមជើងខ្លាំងក្រុមចំណាត់ថ្នាក់លេខ៣ World Cup គឺប៊ែលហ្ស៊ិកដើម្បីកត់ត្រាជ័យជម្នះដ៏សំខាន់ក្នុងការ ប្រកួតដណ្តើមពានរង្វាន់ Uefa Nations League នៅឯទឹកដី Wembley ក្នុងនាមជាម្ចាស់ផ្ទះ ។
បែលហ្ស៊ិកមានឪកាសស៊ុតបញ្ចូលទីនាំមុខ១គ្រាប់មុនដោយកីឡាករ Yanick Carrasco ក៏ប៉ុន្តែត្រូវបាន អាជ្ញា កណ្តាលខ្សែបន្ទាត់លើកទង់ថាជាបាល់ Offside របស់ Kevin De Bryne។ ទោះបីខកបំណងលើកទី១ក្តី ក៏កីឡាករខ្សែប្រយុទ្ធ Rome Lukaku មានឪកាសរកបានគ្រាប់បាល់នាំមុខ១គ្រាប់មុននៅនាទីទី១៦បន្ទាប់ពី Eric Dier រារាំងធ្វើអោយអតីតខ្សែប្រយុទ្ធ Man Utd ដួលក្នុងតំបន់គ្រោះថ្នាក់។អង់គ្លេសមានឪកាសវាយបកតាមស្មើវិញក្រោយពីខ្សែការពារ Thomas Meuier បានទាញដៃប្រធានក្រុម Jordan Henderson អោយដួលខណៈ Marcus Rashford មានឪកាសធ្វើបានសម្រេចដោយការស៊ុតបាល់ពិន័យ១១ ម៉ែត្រ។
ក្រុមរបស់គ្រូបង្វឹកលោក Gareth Southgate មានឪកាសរកគ្រាប់បាល់ជ័យជំនះនៅនាទី៦៤ ពីការស៊ុតរបស់កីឡាករ Mason Mount ប៉ះជើងកីឡាករ Toby Alderweireld ខណៈអ្នកចាំទីក្លឹប Anderlech កីឡាករ Simon Mignolet មិនបានជួយសង្គ្រោះបាល់បាន នាំអោយក្រុមប៊ែលហ្សិកស្គាល់រសជាតិបរាជ័យជាលើកទី១ចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៨ ។ ក្រុមទាំងពីរនិងត្រូវបន្តការប្រកួតនៅថ្ងៃពុធខណៈ អង់គ្លេសធ្វើជាម្ចាស់ផ្ទះទទួលដាណឺម៉ាកនៅឯកីឡា ដ្ឋាន Wembley ដដែលខណៈបែលហ្ស៊ិកធ្វើដំណើរទៅសួរសុខទុក្ខក្រុមអ៊ីស្លង់៕
ប្រភពព័ត៍មាន៖ BBC