បរទេស៖ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លិប Liverpool បានប្រកាសថា លោកបានផ្ញើសារ «ដ៏វែងអន្លាយមួយ» ទៅកាន់កីឡាកររបស់លោក ក្រោយពីការរងបរាជ័យដ៏អាម៉ាសរបស់ពួកគេក្នុងលទ្ធផល ៧-២ ក្រោមស្នាដៃក្រុម Aston Villa។
លោក Klopp បានរងបរាជ័យដ៏ធំបំផុតក្នុងអាជីពជាគ្រូបង្វឹករបស់លោក នៅលើទឹកដី Villa Park កាលពីដើមខែនេះ។ ការបង្ហាញពីទម្រង់លេងដ៏អន់ដែលមិននឹកស្មានដល់ពីក្រុមម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Premier League មួយនេះ បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់រប់ពួកគេ និងបានបង្ហាញពីភាពទន់ខ្សោយក្នុងតំបន់ការពារ ដែលបានស្តែងចេញឲ្យឃើញរួចជាស្រេចនៅរដូវកាលនេះ។ សមាជិកភាគច្រើននៃក្រុមរបស់លោក Klopp បានធ្វើដំណើរទៅបំពេញការតព្វកិច្ចអន្តរជាតិភ្លាមៗ ក្រោយពីការរងបរាជ័យនោះ ហើយបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ បានសម្រេចចិត្តបង្ហាញពីអារម្មណ៍ពិតរបស់លោកតាមរយៈការផ្ញើសារទៅកាន់តារាឆ្នើមៗរបស់លោក។
លោកបានប្រាប់ទូរទស្សន៍ BBC កាលពីថ្ងៃព្រហស្បតិ៍ថា៖ «រាត្រីនោះបន្ទាប់ពីការប្រកួត មិនមែនជារាត្រីដ៏ល្អសម្រាប់ជីវិតខ្ញុំឡើយ ប៉ុន្តែ ខ្ញុំបានងើបពីគេងនៅពេលព្រឹក ហើយខ្ញុំបានដឹងថា ខ្ញុំត្រូវតែនិយាយទៅកាន់កីឡាកររបស់ខ្ញុំ ប៉ុន្តែ ពួកគេមិនស្ថិតនៅទីនេះឡើយ»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំបានផ្ញើសារដ៏វែងអន្លាយមួយទៅកាន់ពួកគេ។ សារនោះនិយាយពីការគិតរបស់ខ្ញុំអំពីអ្វីដែលបានកើតឡើង»៕
ប្រភពព័ត៌មាន៖ Channel News Asia