បរទេស៖ ក្រុមញញួរធំ West Ham បានបំបាក់មុខថ្ងៃវិលចូលលេងដំបូងឲ្យក្លិប Tottenham របស់ Gareth Bale តាមរយៈការវាយបកពីក្រោយ៣គ្រាប់ ដើម្បីដណ្តើមបានលទ្ធផលស្មើ ៣-៣ ស្របពេលដែលក្រុម Aston Villa បានរក្សាភាពខ្លាំងរបស់ខ្លួននៅដើមរដូវកាលនេះ តាមរយៈការដណ្តើមបានជ័យជម្នះ ១-០ លើទឹកដីក្រុម Leicester កាលពីថ្ងៃអាទិត្យ។
ក្រុម Tottenham បាននាំមុខ ៣-០ នៅពេលដែល Bale បានចូលលេងក្នុងនាមជាកីឡាករបម្រុងនៅនាទី ទី៧២ ដើម្បីបង្ហាញខ្លួនជាលើកដំបូងរបស់គេ បើគិតចាប់តាំងបានចូលលេងក្នុងនាជាកីឡាករកម្ចីពេញ១រដូវកាលពីក្លិប Real Madrdi។ ប៉ុន្តែ រូបគេបានជួបការខកចិត្តនៅថ្ងៃនៃការចូលលេងជាលើកដំបូងរបស់គេ ខណៈដែល Tottenham បានជួបការខកចិត្ត។ តារាឆ្នើមអន្តរជាតិវែលស៍រូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលបានខ្ជះខ្ជាយឱកាស ខណៈដែលរូបគេបានបាត់បង់ឱកាសមាសដើម្បីដណ្តើមបាន៣ពិន្ទុពេញសម្រាប់ក្រុមរបស់លោក Jose Mourinho នៅមុនពេលកីឡាករ Manuel Lanzini របស់ West Ham បានរកគ្រាប់បាល់តាមស្មើវិញនៅជិតបញ្ចប់ការប្រកួត។
លោក Mourinho អ្នកចាត់ការទូទៅរបស់ Spurs បានឲ្យដឹងថា៖ «ការប្រកួតនេះស្ថិតក្រោមការគ្រប់គ្រង។ យើងមាន Harry Kane ដែលស្ទើរតែរកបានគ្រាប់បាល់ទី៤នៅពេលដែលរូបគេបានរូបគេបានស៊ុតបាល់ប៉ះបង្គោលទី ហើយបន្ទាប់មក Gareth Bale ដែលស្ទើរតែបញ្ចប់ការប្រកួតនេះ។ នេះគឺជាការប្រកួតមួយដែលបានស្ថិតក្នុងហៅប៉ៅ ហើយយើងបានបាត់បង់២ពិន្ទុ»៕
ប្រភពព័ត៌មាន៖ Channel News Asia