បរទេស៖ លោក Juergen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានច្រានចោលការលើកឡើងថា ក្រុមរបស់លោកនឹងជួបភាពត្រដាបត្រដួស ពេលគ្មានខ្សែការពារដ៏រឹងមាំ Virgil van Dijk ក្រោយពីការតារាឆ្នើមអន្តរជាតិហូឡង់រូបនេះ បានរងរបួសជង្គង់ ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Merseyside ដូចគ្នាកាលពីចុងសប្តាហ៍មុន។
នៅមុនពេលធ្វើដំណើរទៅជួបក្រុម Ajax Amsterdam នៅក្នុងការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេនៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ លោក Klopp បានស្ថិតក្នុងអារម្មណ៍បែបឡើងកម្តៅ នៅពេលដែលត្រូវបានចោទសួរអំពី Van Dijk។ លោក Klopp បានឲ្យដឹងថា៖ «ហេតុអ្វីបានជាខ្ញុំគួរតែគិតថា កីឡាករមិនអាចដោះស្រាយជាមួយនឹងស្ថាននេះបាន។ ពិតណាស់ អ្នកទាំងអស់គ្នាគិតថា យើងនឹងជួបការលំបាក ប៉ុន្តែ យើងត្រូវតែបង្ហាញថា អ្នកយល់ខុសហើយ ដោយខ្ញុំមិនចាប់អារម្មណ៍លើបញ្ហានោះឡើយ»។

FILE PHOTO: Soccer Football – Premier League – Everton v Liverpool – Goodison Park, Liverpool, Britain – October 17, 2020 Liverpool manager Juergen Klopp reacts Pool via REUTERS/Peter Byrne
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំចាប់អារម្មណ៍តែលើកម្រិតលេងដ៏ខ្លាំងបំផុតរបស់ក្រុម Liverpool ប៉ុណ្ណោះ។ យើងព្យាយាមនៅពេលនេះ។ ប៉ុន្មានសប្តាហ៍ក្រោយទៀត យើងនឹងធ្វើឲ្យអ្នកស្ងប់អារម្មណ៍»៕
ប្រភពព័ត៌មាន៖ Channel News Asia