បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានតេស្តឃើញលទ្ធផលជាវិជ្ជមានម្តងទៀតទៅលើវីរុសកូរ៉ូណា ខណៈដែល Juventus ត្រៀមសម្រាប់ការប្រកួតជាមួយនឹងក្រុម Barcelona ក្នុងក្របខ័ណ្ឌ Champions League នាសប្តាហ៍ក្រោយ។
នេះបើយោងទៅតាមប្រភពព័ត៌មាននានានៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍។ Ronaldo បច្ចុប្បន្ន កំពុងតែរក្សានៅដាច់ដោយឡែកពីគេហនៅផ្ទះរបស់គេ ក្នុងទីក្រុង Turin ក្រោយពីតេស្តឃើញលទ្ធផលជាវិជ្ជមានទៅលើវីរុសកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែតុលា ស្របពេលដែលស្ថិតនៅជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ការប្រកួត Nations League។ ខ្សែប្រយុទ្ធជើងចាស់វ័យ៣៥ឆ្នាំរូបនេះ បានទទួលលទ្ធផលវិជ្ជមាន ក្រោយពីការធ្វើតេស្តមួយត្រូវបានរៀបចំឡើងកាលពីថ្ងៃពុធ។ នេះបើយោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Sky Sport Italia និង Gazzetta Dello Sport។
ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Ronaldo នៅតែអាចចូលលេងសម្រាប់ការប្រកួតក្របខ័ណ្ឌ Serie A ជាមួយនឹងក្រុម Hellas Verona នៅថ្ងៃអាទិត្យ និងការប្រកួតជាមួយនឹងក្រុម Barcelona របស់ Lionel Messi កាលពីថ្ងៃទី២៨ ខែតុលា។ ស្ថិតក្រោមច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ៥សម័យកាលរូបនេះ ត្រូវតែមានលទ្ធផលតេស្តវិជ្ជមានក្នុងរយៈពេល២៤ម៉ោង នៅមុនពេលការប្រកួតជាមួយនឹងក្រុម Barcelona ក្នុងទីក្រុង Turin ដើម្បីមានសិទ្ធិបញ្ចូលឈ្មោះក្នុងក្រុមបាន៕
ប្រភពព័ត៌មាន៖ Channel News Asia