បរទេស៖ ខ្សែ​ប្រយុទ្ធ Ferran Torres បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ភ្លក្ស​រស​ជាតិនៃ​ការ​រង​បរា​ជ័យ​ដ៏​ធំបំផុត​ក្នុង​រយៈពេល​៨៩ឆ្នាំ កាលពីថ្ងៃ​អង្គារ តាមរយៈការ​ដណ្តើម​បាន​ជ័យ​ជម្នះ ៦-០ ក្នុង​ទីក្រុង Seville ដើម្បីឈ្នះ​កៅអី​ទៅលេងក្នុង​យុទ្ធនាការ UEFA Nations League ជុំ​ផ្តាច់ព្រ័ត្រ និង​ចូលរួម​ជាមួយនឹងក្រុម​បារាំង ដែលបាន​វាយ​បក​​តាមពីក្រោយ​ដើម្បីផ្តួល​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ៤-២​។

ខ្សែ​ប្រយុទ្ធ Torres របស់​ក្លិប Manchester City បានក្លាយ​ជា​វីរបុរស​របស់​អេ​ស្ប៉ាញ ដែល​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ ខណៈ​ដែល​​ក្រុមជម្រើស​ជាតិ​អាល្លឺម៉ង់ បាន​បង្ហាញពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​​ដ៏គួរ​ឲ្យ​កត់សម្គាល់​។ លទ្ធផល​នេះ នាំ​ឲ្យ​មានការ​ចោទ​ជា​សំណួរ​ផ្សេង​ៗ​ពីគ្រូបង្វឹក​នៃក្រុម​​បាល់ទាត់​ជម្រើស​ជាតិអាល្លឺម៉ង់​លោក Joachim Loew ដែល​បាន​ស្ថិត​ក្រោមសម្ពាធ​រួច​ជាស្រេច មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួតនេះ​។ ក្រោយពី​អាល្លឺ​ម៉ង់ បាន​រង​បរា​ជ័យ​ដ៏​ធំផុត​ បើ​គិត​ចាប់​តាំងពី​ចាញ់​អូ​ទ្រីស ៦-០ ក្នុង​ឆ្នាំ​១៩៣១ លោក Loew បានទទួលស្គាល់​ថា៖ «នេះ​គឺ​ជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​សម្រាប់​យើង​»​។

បច្ចុប្បន្ន អាល្លឺម៉ង់ នៅ​សល់​រយៈ​ពេល​ជាច្រើន​ខែ​ទៀត ដើម្បី​ស្តា​រមុខ​មាត់​ពីការ​ចាញ់​របស់​គេ នៅមុន​ពេល​ចាប់​ផ្តើម​ការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០២២ នៅ​ខែ​មីនា ហើយ​បន្ទាប់​មក​ពីការប្រកួត Euro ឆ្នាំ​២០២០ នៅ​ខែមិថុនា និង​កក្កដា​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia