បរទេស៖ ក្រុម Inter Milan របស់លោក Antonio Conte នឹង​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Real Madrid ក្នុង​ក្រប​ខ័ណ្ឌ Champions League​ នៅ​រាត្រីនេះ នៅ​ក្នុងការ​ប្រកួតមួយ​ដែលគ្រូបង្វឹក​រូប​នេះ​ចាត់​ទុក​ថា «ដូចជា​វគ្គ​ផ្តាច់​ព្រ័ត្រ​អ៊ិ​ចឹង​» ខណៈ​ដែលក្រុម​ទាំង​២​ត្រូវ​ការ​ឈ្នះ​ដូចគ្នា​។ ក្នុង​សន្និ​សីទ​នៅមុន​ពេល​ការ​ប្រកួតនា​កីឡដ្ឋាន San Siro លោក Conte បាន​ប្រាប់​ថា៖ «សម្រាប់​យើង នេះ​ជា​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ។

ក្រោយពី​ការ​រង​បរា​ជ័យ​នៅ​​ទីក្រុង​ម៉ា​ឌ្រីដ និង​ការ​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើពី​ការ​ប្រកួត​២​លើក​មុន យើង​គ្មាន​ដំណោះ​ស្រាយ​អ្វី​ផ្សេង​ឡើយ​​»​។ លោក​បាន​ប្រាប់​បន្ត​ថា៖ «យើង​មិនអាច​គេច​វេស​បាន​ឡើយ យើង​ត្រូវ​តែ​ឈ្ណះ​។ យើង​ដឹង​ ក្រោយពីការ​ប្រកួត​ជើង​ទី​១ ថា ប្រសិន​បើ​យើង​ចង់​ឈ្នះ យើង​អាច​ធ្វើបាន​»​។ ក្រុមរបស់​អ៊ី​តាលី​មួយនេះ កំពុង​តែ​ស្ថិត​នៅ​បាត​តារា​ង​នៃ​ពូល B ក្រោយ​ពី​ចាញ់​ក្នុងលទ្ធ​ផល ៣-២ នៅ​ប្រទេស​អេ​ស្ប៉ាញ បើ​ទោះ​បី​បាន​វាយ​បក​តាមពី​ក្រោយ​២​គ្រាប់ ដើម្បី​​តាម​ស្មើ​​វិញ​ក៏ដោយ នៅមុន​ពេល Real រក​បាន​គ្រាប់បាល់​ឈ្នះ​។ ក្រុម Real Madrid ដែល​ជាម្ចាស់​ជើង​​​ឯក​ទ្វីប​អឺ​រ៉ុប​១៣​សម័យ​កាល កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដោយមាន​៤ពិន្ទុ ក្រោយពី​ការប្រកួត​៣លើក​។

លោក Conte បាន​បន្ថែម​ទៀត​ថា៖ «នេះ​នឹងក្លាយ​ជាការ​ប្រកួត​ដ៏លំបាកមួយ យើង​ដឹង​ពី​កម្រិត​ខ្លាំង​របស់ Real Madrid ប្រវត្តិ ពិសេសនៅក្នុង​យុទ្ធនា​ការ​នេះ​»​។ Real បាន​ឈ្នះ​ពាន​៤លើក​ក្នុង​ចំណោម​ពាន​ Champions League ៧​លើក​ចុងក្រោយ ខណៈ​ដែល Inter ជាម្ចាស់​ជើង​​​​ឯក​៣​សម័យ​កាល ដោយ​​បាន​ឈ្នះពាន​ជាលើក​ចុងក្រោយ​ក្នុងឆ្នាំ​២០១០៕

 

ប្រភព​ព័ត៌​មាន​៖ Channel News Asia