បរទេស៖ ខ្សែប្រយុទ្ធ Robert Lewandowski បានជួយឲ្យក្រុម Bayern Munich ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ លើក្រុម Salzburg ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ខណៈដែលក្រុមម្ចាស់ការពារជើងឯកមួយនេះ បានចូលរួមជាមួយនឹងក្រុម Manchester City ក្នុងការឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈដែលនៅសល់២ប្រកួតទៀត។
ស្របពេលជាមួយគ្នានេះ ក្រុម Liverpool បានរងបរាជ័យទាំងអាម៉ាសក្នុងលទ្ធផល ២-០ លើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Atalanta។ នៅរាត្រីមួយដែលក្លិបជាច្រើនបានសម្តែងនូវការកាន់ទុក្ខចំពោះការស្លាប់របស់លោក Diego Maradona តាមរយៈការស្មឹងស្មាធរយៈពេល១នាទី ដើម្បីរំឭកដល់អតីតតារាបាល់ទាត់របស់អាហ្សង់ទីនរូបនេះ នៅមុនពេលរាល់ការប្រកួតទាំងអស់ក្នុង Champions League ក្រុម Bayern បានកត់ត្រាជ័យជម្នះជាលើកទី១៥ជាប់ៗគ្នារបស់ខ្លួនដោយងាយក្នុងយុទ្ធនាការនេះ។
Lewandowski បានរកគ្រាប់បាល់បើកឆាក នៅមុនពេលបញ្ចប់តង់ទី១ នាកីឡដ្ឋាន Allianz Arena ដែលជាគ្រាប់បាល់ទី១៤របស់គេ នៅរដូវកាលនេះ និងជាគ្រាប់បាល់ទី៧១របស់គេក្នុង Champions League ដែលនាំឲ្យរូបគេតាមស្មើអតីតតារាបាល់របស់ក្លិប Real Madrid គឺ Raul ក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី Cristiano Ronaldo ដែលរកបាន១៣១គ្រាប់ និង Lionel Messi ដែលរកបាន១១៨គ្រាប់។ ជាមួយគ្នានេះ ក្រុម Man City បានឈានទៅវគ្គបន្តតាមរយៈការផ្តួលក្រុម Olympiakos ១-០ ក្នុងការប្រកួតនៅប្រទេសក្រិក ដែលជាការឈ្នះជាលើកទី៤ក្នុងចំណោមការប្រកួតទាំង៤លើកក្នុងពូល C៕
ប្រភពព័ត៌មាន៖ Channel News Asia