បរទេស៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្លិប Manchester United បានបដិសេធក្នុងការស្តីបន្ទោសការលើកឡើងថា ខ្សែបម្រើ Paul Pogba «មិនសប្បាយចិត្ត» សម្រាប់ការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League របស់ពួកគេ ក្រោយពីការរងបរាជ័យក្នុងលទ្ធផល ៣-២ នៅលើទឹកដីក្រុម RB Leipzig ឡើយ។
Man United បានជួបការខកចិត្តដោយសារតែការលេងមិនបានល្អនៅដើមតង់ តាមរយៈការរបូតគ្រាប់បាល់យ៉ាងរហ័ស ពីសំណាក់កីឡាករ Angelino និង Amadou Haidara នៅមុនពេល Justin Kluivert បានជួយឲ្យក្រុម Leipzig នាំមុខ ៣-០ នៅពាក់កណ្តាលតង់ទី២។ Man United បានវាយបកបាន២គ្រាប់វិញនៅរយៈពេល១០នាទីចុងក្រោយ ខណៈដែល Pogba បានចូលលេងដើម្បីរកគ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួត ដើម្បីតាមពីក្រោយ ៣-២ ក្រោយពីខ្សែបម្រើ Bruno Fernandes បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់។ នៅមុនពេលការប្រកួតនេះ លោក Mino Raiola ភ្នាក់ងារតំណាងឲ្យ Pogba បានបញ្ជាក់ថា ខ្សែបម្រើវ័យ២៧ឆ្នាំ ដែលឈ្នះពាន World Cup រូបនេះ មិនសម្បាយចិត្ត និងត្រូវតែផ្លាស់ប្តូរក្រុម ក្រោយពីជួបការលំបាកក្នុងការបង្ហាញពីសមត្ថភាពក្រោមការដឹកនាំរបស់លោក Solskjaer។
លោក Solksjaer បានផ្តល់ចម្លើយដ៏ខ្លី និងច្បាស់ៗ នៅពេលដែលត្រូវបានចោទសួរថា តើការលើកឡើងរបស់លោក Raiola ធ្វើឲ្យក្រុមរបស់លោកមានបញ្ហា ឬយ៉ាងណា។ គ្រូបង្វឹករូបនេះបានឲ្យដឹថា៖ «ក្រុមនេះ មិនអីទេ ពួកគេជាក្រុមមួយ ហើយពួកគេមានសាមគ្គីគ្នា ហើយក្នុងពេលឆាប់ៗ ភ្នាក់ងាររបស់ Paul ដឹងថា យើងជាក្រុមកីឡាមួយ ហើយយើងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍទៅមុខ»៕
ប្រភពព័ត៌មាន៖ Channel News Asia