បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់ពីបាល់ប៉េណាល់ទី ដើម្បីទទួលជ័យជម្នះក្នុងការប្រជែងរបស់គេជាមួយនឹង Lionel Messi និងជួយឲ្យក្រុម Juventus ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Barcelona កាលពីថ្ងៃអង្គារ និងដើម្បីជួយឲ្យក្រុមយក្សអ៊ីតាលី ឈ្នះកៅអីលេខ១ក្នុងពូល G ក្នុងក្របខ័ណ្ឌ Champions League។
អតីតខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះ និងគូប្រកួតសញ្ជាតិអាហ្សង់ទីនរបស់គេបានគ្រប់គ្រងពានបាល់មាស Ballon d’Or ទាំងស្រុងអស់រយៈពេល១ទសវត្សរ៍ នៅចន្លោះឆ្នាំ២០០៨ និង២០១៧ និងបានប្រជែងគ្នាម្តងទៀតនៅលើទឹកដីអេស្ប៉ាញ ប៉ុន្តែ មានតែអ្នកឈ្នះម្នាក់គត់ នៅកីឡដ្ឋាន Camp Nou នៅពេលដែលពួកគេបានជួបគ្នាជាលើកដំបូង បើគិតចាប់តាំងពី Ronaldo បានចាកចេញពីក្លិប Juventus កាលពីឆ្នាំ២០១៨។ ក្រុម Juventus របស់លោក Andrea Pirlo បានរងបរាជ័យក្នុងលទ្ធផល ២-០ នៅលើទឹកដីខ្លួនឯង ពេលប្រកួតជាមួយនឹងក្រុម Barcelona នៅខែតុលា ដោយគ្មាន Ronaldo ដែលអវត្តមានដោយសារតែឆ្លងវីរុសកូវីដ-១៩ ប៉ុន្តែ បានលេងល្អប្រសើរវិញ និងបានទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅក្រៅជាលើកដំបូង ពេលប៉ះក្រុម Barcelona បើគិតចាប់តាំងពីផ្តួលក្រុម Bayern Munich ក្នុងឆ្នាំ២០១៣។
ក្រុមទាំង២ ដែលមាន១៥ពិន្ទុដូចគ្នា បានឈ្នះកៅអីទៅវគ្គបន្តរួចជាស្រេចមុនពេលប្រកួត ប៉ុន្តែ Juventus ឡើងឈរពីលើ ដោយសារតែទទួលបានលទ្ធផលល្អជាងពីការជួបគ្នារវាងក្រុមទាំង២៕
ប្រភពព័ត៌មាន៖ Channel News Asia