បរទេស៖ ខ្សែប្រយុទ្ធ Neymar បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុម Paris Saint-Germain បានកត់ត្រាជ័យជម្នះយ៉ាងងាយស្រួលក្នុងលទ្ធផល ៥-១ លើក្រុម Istanbul Basaksehir កាលពីថ្ងៃពុធ នៅពេលដែលការប្រកួតក្របខ័ណ្ឌ Champions League បានចាប់ផ្តើមឡើងវិញ ក្នុងរយៈពេល១ថ្ងៃ ក្រោយពីការពន្យារពេលដោយសារតែការដើរចេញពីទីលានជុំវិញជម្លោះរើសអើងជាតិសាសន៍។
កីឡាកររបស់ក្រុមទាំង២ និងមន្ត្រីប្រចាំការប្រកួត បានលត់ជង្គង់ជើងម្ខាងនៅលើទីលាន នៅមុនពេលចាប់ផ្តើមការប្រកួតជាថ្មី ក្រោយពីត្រូវបានផ្អាកនៅត្រឹមនាទី ទី១៤ កាលពីថ្ងៃអង្គារ ក្នុងពេលដែលមានការចោទប្រកាន់ថា អាជ្ញាកណ្តាលទី៤សញ្ជាតិរ៉ូម៉ានី បានប្រើប្រាស់ពាក្យសម្តីរើសអើងជាតិសាសន៍ ទៅលើលោក Pierre Webo ជំនួយការគ្រូបង្វឹកសញ្ជាតិកាមេរូនរបស់ក្លិប Basaksehir។ នៅមុនពេលលុតជង្គង់ ពួកគេបានពាក់អាវយឺតដែលមានពាក្យស្លោកថា «គ្មានការរើសអើងជាតិសាសន៍ឡើយ» ក្នុងពេលកម្តៅសាច់ដុំនាកីឡដ្ឋាន Parc des Princes ស្របពេលដែលកៅអីរបស់អ្នកទស្សនាក៏ត្រូវបានដាក់ពាក្យស្លោកនេះដែរ។
ការប្រកួតនេះបានចាប់ផ្តើមឡើងវិញ ចាប់ពីនាទីដែលត្រូវបានផ្អាក កាលពីថ្ងៃអង្គារពោលគឺនាទី ទី១៤ ដែលនៅពេលនោះជម្លោះនៅក្បែរខ្សែបន្ទាត់ទីបានផ្ទុះឡើងជុំវិញការចោទប្រកាន់ថា អាជ្ញាកណ្តាលទី៤សញ្ជាតិរ៉ូម៉ានី លោក Sebastian Coltescu បាននិយាយទៅកាន់ជំនួយការគ្រូបង្វឹកសញ្ជាតិកាមេរូនលោក Pierre Webo របស់ក្លិប ថា «អាខ្មៅ» ជាភាសារ៉ូម៉ានី៕
ប្រភពព័ត៌មាន៖ Channel News Asia