បរទេស៖ ខ្សែបម្រើ Ilkay Gundogan បានស្តីបន្ទោសទៅលើកម្មវិធីប្រកួតដ៏មមាញឹក នៅក្នុងរដូវកាលដែលខុសប្លែកពីគេចំពោះការបរាជ័យរបស់ក្រុម Manchester City ក្នុងការរក្សាឲ្យបាននូវកម្រិតលេងជាស្តង់ដារដែលពួកគេបានកំណត់ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម West Brom បានផ្តល់នូវការខកចិត្តមួយផ្សេងទៀតចំពោះការប្រជែងដណ្តើមពានរបស់ពួកគេ។
Gundogan ហាក់ដូចជាបានបំបែកតំបន់ការពាររបស់គូប្រកួតខ្លួននៅនាទី ទី៣០ទៅហើយ ប៉ុន្តែ ការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Ruben Dias នៅរយៈពេល២នាទីមុនបញ្ចប់តង់ទី១ បានផ្តល់ការខកចិត្តតែម្តង ខណៈដែលបញ្ហារបស់ Man City នៅតំបន់ប្រយុទ្ធ បានបន្តក្នុងពេលដែលក្រុមទាំងមិនអាចរកបានគ្រាប់បាល់នៅតង់ទី២។ Man City បានឈ្នះត្រឹមតែ៥លើកគត់ក្នុងចំណោមការប្រកួតលីកចំនួន១២លើករបស់ពួកគេ នៅរដូវកាលនេះ ពោលគឺខុសគ្នាស្រឡះទៅនឹងការរកបាន១៩៨ពិន្ទុដែលពួកគេដណ្តើមបានក្នុងរយៈពេល២រដូវកាល ក្រោមការដឹកនាំរបស់លោក Guardiola នៅរដូវកាលឆ្នាំ២០១៧-២០១៨ និង២០១៨-២០១៩។
Gundogan បានឲ្យដឹងថា៖ «យើងបានជួបលទ្ធផលដ៏អស្ចារ្យជាច្រើនឆ្នាំ ដោយយើងបានលេងកីឡាបាល់ទាត់ដ៏អស្ចារ្យ កាលពីមុន ហេតុនេះ យើងបានកំណត់កម្រិតស្តង់ដារដ៏ខ្ពស់។ រាល់ក្រុមធំៗទាំងអស់នៅអឺរ៉ុបកំពុងតែត្រដាបត្រដួស ដោយសារតែកម្មវិធីប្រកួតដ៏មមាញឹក ហើយវានឹងមិនងាយស្រួលឡើយនៅសប្តាហ៍បន្តបន្ទាប់ទៀត»៕
ប្រភពព័ត៌មាន៖ Channel News Asia