បរទេស៖ លោក Jose Mourinho បានបញ្ជាក់ថា ក្រុម Tottenham ត្រូវតែរៀនដើម្បីយកឈ្នះការប្រកួតនានា ប្រសិនបើពួកគេចង់ឈ្នះពានក្របខ័ណ្ឌ Premier League ជាលើកទី១របស់ពួកគេ ក្នុងរយៈពេល៦០ឆ្នាំ ក្រោយពីគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតរបស់ Roberto Firmino បានជួយឲ្យក្រុម Liverpool ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុមរបស់លោក កាលពីថ្ងៃពុធ។
គ្រាប់បាល់តែតបញ្ចូលទីយ៉ាងល្អរបស់តារាឆ្នើមប្រេស៊ីលរូបនេះ បានបញ្ចប់ការមិនស្គាល់ចាញ់សោះក្នុងការប្រកួតលីកសម្រាប់ក្រុមរបស់លោក Mourinho ត្រឹម១១ប្រកួត និងបានបើកការនាំមុខ៣ពិន្ទុដាច់សម្រាប់ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។ Liverpool បានគ្រប់គ្រង់បាល់រហូតដល់ទៅ៧៦% និងបានស៊ុតបាល់សំដៅទីដល់ទៅ១១លើក ខណៈដែលក្រុម Tottenham មានឱកាសត្រឹមតែ២លើកគត់ ប៉ុន្តែ លោក Mourinho នៅតែជឿជាក់ថា Spurs ពិតជាស័ក្តិសមក្នុងការដណ្តើមបានជ័យជម្នះ ប្រសិនបើពួកគេដណ្តើមបានឱកាសរបស់ពួកគេ នៅដើមតង់ទី២។
កីឡាករ Steven Bergwijn បានស៊ុតបាល់ប៉ះបង្គោលទី ហើយខ្សែប្រយុទ្ធ Harry Kane បានតែតបាល់បញ្ចូលទីយ៉ាងល្អ ដើម្បីតាមស្មើក្នុងលទ្ធផល ១-១។ លោក Mourinho ដែលបានផ្លាស់ប្តូរពាក្យសម្តីគ្នាជាមួយនឹងលោក Jurgen Klopp គ្រូបង្វឹកនៃក្រុម Liverpool ពេលបញ្ចប់ការប្រកួតនោះ បានឲ្យដឹងថា៖ «យើងស្ទើរតែដណ្តើមបានជ័យជម្នះទៅហើយ មិនមែនស្ទើងតែបានលទ្ធផលស្មើឡើយ។ យើងត្រូវតែស៊ុតបាល់បញ្ចូលទីដើម្បីឈ្នះការប្រកួតនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia