បរទេស៖ ខ្សែប្រយុទ្ធ Robert Lewandowski បានសម្រេចសមិទ្ធផលដ៏អស្ចារ្យមួយតាមរយៈការរកបានគ្រាប់បាល់ទី២៥០របស់គេក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃពុធ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីទាំង២គ្រាប់របស់គេក្នុងពេលក្រុម Bayern Munich ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Wolfsburg បានជួយឲ្យក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ រក្សាការដេញតាមពីក្រុមកំពុងតែនាំមុខលើតារាងលីកអាល្លឺម៉ង់ Bayer Leverkusen យ៉ាងប្រកៀក។
Lewandowski ដែលនឹងដឹងនៅថ្ងៃព្រហស្បតិ៍ថា រូបគេជាប់ឆ្នោតជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ក្រោយពីបានជាប់ឈ្មោះក្នុងបញ្ជីចម្រាញ់ចុងក្រោយរួមជាមួយនឹង Cristiano Ronaldo និង Lionel Messi យ៉ាងណានោះ បានស៊ុតបាល់បញ្ចូលទី១៨គ្រាប់ ក្នុងការប្រកួត១៧លើកសម្រាប់ក្រុម Bayern នៅរដូវកាលនេះ ក្នុងរាល់យុទ្ធនាការទាំងអស់។ ក្រោយពីរកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ រូបគេបានប្រាប់ទូរទស្សន៍ Sky ថា៖ «ខ្ញុំមិនធ្លាប់បានគិតអំពីពានរង្វាន់កិត្តិយសនានាឡើយ ខ្ញុំគ្រាន់តែផ្តោតលើការប្រកួតនេះ។ ខ្ញុំពិតជាមានអារម្មណ៍ធូរស្រាលអំពីបញ្ហានេះ ហើយយើងនឹងរង់ចាំមើលថា នឹងមានអ្វីកើតឡើង»។

Soccer Football – Bundesliga – Bayern Munich v VfL Wolfsburg – Allianz Arena, Munich, Germany – December 16, 2020 Bayern Munich’s Robert Lewandowski scores their first goal Pool via REUTERS/Lukas Barth-Tuttas DFL regulations prohibit any use of photographs as image sequences and/or quasi-video.
Leverkusen ដែលនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bayern ក្នុងការប្រកួតរវាងក្រុមកំពូលតារាងដូចគ្នានៅថ្ងៃសៅរ៍នោះ នៅតែរក្សាចំណាត់ថ្នាក់លេខ១ នៅលើតារាង ដោយនាំមុខ១ពិន្ទុលើក្រុម Bayern ក្រោយពីបានយកឈ្នះលើក្រុម Cologne ក្នុងលទ្ធផល ៤-០៕
ប្រភពព័ត៌មាន៖ Channel News Asia