បរទេស៖ក្រុម Manchester United បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៦-២ ដើម្បីឡើងទៅឈរលេខ៣នៅលើតារាងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុម Leicester បានផ្តល់ការខកចិត្តដល់ការប្រជែងពានរបស់ក្រុម Tottenham។
ការជួបប្រកួតក្នុងក្របខ័ណ្ឌលីកជាលើកដំបូងក្នុងរយៈពេល១៦ឆ្នាំរវាងក្រុម Man United និង Leeds United ត្រូវបានរំពឹងទុកថា នឹងមានភាពស្វិតស្វាញ ប៉ុន្តែ ក្រុមរបស់លោក Ole Gunnar Solskjaer បានបង្ហាញពីកម្រិតលេងដ៏ខ្លាំងនៅកីឡដ្ឋាន Old Trafford។ Man United ដែលបានជួបភាពត្រដាបត្រដួសនៅដើមរដូវកាលនេះ បច្ចុប្បន្ន មាន២៦ពិន្ទុ ដោយដេញតាមពីក្រោយក្រុមកំពុងតែនាំមុខ Liverpool ចំនួន៥ពិន្ទុ ខណៈដែលនៅសល់១ប្រកួតក្នុងដៃ។ ស្របពេលជាមួយគ្នានេះ ក្រុម Leicester ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ២ បានផ្តួលក្រុម Spurs ក្នុងលទ្ធផល ២-០ ដើម្បីបំពេញថ្ងៃដ៏ខកចិត្តសម្រាប់លោក Jose Mourinho។ Man United បានឈ្នះរាល់ការប្រកួតទាំង៦លើកក្នុងចំណោមការប្រកួតក្រៅដីទាំង៦លើករបស់ខ្លួនក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ប៉ុន្តែ បានឈ្នះត្រឹមតែ១ប្រកួតគត់លើទឹកដីខ្លួនឯង នៅមុនពេលការប្រកួតកាលពីថ្ងៃអាទិត្យ។
លោក Solskjaer បានបញ្ជាក់ថា កម្រិតលេងរបស់ក្រុម ពិតជាអស្ចារ្យចាប់តាំងពីនាទីទី១។ លោកបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «បើស្រមៃគិតថា មានអ្នកទស្សនាដោយផ្ទាល់ចំនួន៧៥០០០នាក់ នោះវានឹងក្លាយជាប្រវត្តិសាស្ត្រមួយ ក្នុងនាមជាទម្រង់លេងដ៏ល្អបំផុតមួយពេលប៉ះក្រុម Leeds»៕
ប្រភពព័ត៌មាន៖ Channel News Asia