បរទេស៖ ខ្សែប្រយុទ្ធ Rafael Leao របស់ក្លិប AC Milan បានរកគ្រាប់បាល់បញ្ចូលទីលឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ តាមរយៈការស៊ុតបាល់បំប៉ោងសំណាញ់ទី ក្រោយពីលេងបានត្រឹមតែ៦វិនាទី ក្នុងពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើទឹកដីក្រុម Sassuolo ដើម្បីរក្សាការឈរលើកំពូលតារាង ដោយនាំមុខលើគូប្រជែងក្នុងទីក្រុងតែមួយ Inter Milan។
AC Milan ដែលកំពុងតែប្រម៉ាញ់រកការឈ្នះពាន Serie A ជាលើកដំបូងរបស់ខ្លួន បើគិតចាប់តាំងពីឆ្នាំ២០១១ បានបើកការវាយសម្រុកភ្លាមៗ ពេលចាប់ផ្តើមប្រកួត ខណៈដែលខ្សែបម្រើអន្តរជាតិតួកគី Hakan Calhanoglu បានបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Leao ដើម្បីរកបានគ្រាប់បាល់បើកឆាកយ៉ាងឆាប់រហ័ស។ អ្នកដែលរកបានគ្រាប់បាល់លឿនជាងគេបំផុតកាលពីមុនក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី គឺកីឡាករ Paolo Poggi ដែលបានរកគ្រាប់បាល់ឲ្យក្រុម Piacenza ពេលប្រកួតជាមួយនឹងក្រុម Fiorentina កាលពីខែធ្នូ ឆ្នាំ២០០១ ក្រោយពីលេងបាន៨វិនាទី។ ក្រុម AC Milan កំពុងតែនាំមុខ១ពិន្ទុលើក្រុម Inter របស់លោក Antonio Conte ដែលបានផ្តួលក្រុម Spezia ២-១ ខណៈដែលក្រុមម្ចាស់ជើងឯក Juventus តាមពីក្រោយ៤ពិន្ទុ ក្រោយពីបានយកឈ្នះលើក្រុម Parma ៤-០ កាលពីថ្ងៃសៅរ៍។
លោក Stefano Pioli គ្រូបង្វឹករបស់ AC Milan ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្នុងការប្រកួតលីក២លើកចុងក្រោយរបស់ខ្លួនពេលប៉ះក្រុម Parma និង Genoa នោះ បានឲ្យដឹងថា៖ «យើងបានទាត់បាល់ត្រឹមតែ៤ ឬ៥ជើងប៉ុណ្ណោះ។ Leao ពិតជាត្រៀមខ្លួនបានយ៉ាងល្អ»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

