បរទេស៖ ក្រុម​តោ​ខៀវ Chelsea បាន​វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យ​ជម្នះ​វិញ​ កាលពីថ្ងៃ​ចន្ទ ក្រោយពី​បាន​​ជម្នះ​លើ​​ពេល​វេលា​ដ៏​លំបាក​មួយ ដើម្បី​ផ្តួលក្រុម West Ham ក្នុងលទ្ធ​ផល ៣-០ និង​​រក្សា​ការ​ប្រជែង​ដណ្តើម​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​នៃ​ក្រប​ខ័ណ្ឌ Premier League ក្រោយ​ពីការ​រង​បរា​ជ័យ​២លើក​ជាប់​ៗ​គ្នា​។

West Ham បាន​បង្ហាញពី​ទម្រង់​លេង​ដ៏​រឹង​មាំ​​នា​កីឡដ្ឋាន Stamford Bridge ប៉ុន្តែ ខ្វះនូវ​ភាព​មុតស្រួច​នៅ​តំបន់​ប្រយុទ្ធដើម្បីវាយ​បក​នឹង​គ្រាប់បាល់​នៅ​ដើម​តង់​របស់​ខ្សែ​ការ​ពារ Thiago Silva នៅមុន​ពេល​​​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​នៅ​ចន្លោះ​ពេល​២នាទី ពី​ខ្សែ​ប្រយុទ្ធ Tammy Abraham បាន​បញ្ចប់​ការ​ប្រកួតនេះ​តែម្តង​។ ក្រុម​របស់​លោក Frank Lampard បាន​បង្ហាញពី​កម្រិត​លេង​យ៉ាង​រឹង​មាំ​នៅ​ដើម​រដូវ​កាល​នេះ នៅមុន​ពេលការរង​ចាញ់ក្រោមស្នា​ដៃក្រុម Everton និង Wolves បាន​​បង្អាក់​ដល់​ការ​វិវឌ្ឍ​របស់​ពួក​គេ ប៉ុន្តែ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​កីឡដ្ឋាន Stamford Bridge បាន​ជួយ​ឲ្យ​ពួក​គេ​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥​។

ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Liverpool បាន​បន្ថែម​ការ​នាំមុខ​ដល់​ទៅ​៥ពិន្ទុ​នៅ​លើកំពូល​តារាង ប៉ុន្តែ ក្រុម​ដែល​តាមពីក្រោយ​ពួក​គេ មាន​គម្លាត​ពី​គ្នា​ត្រឹម​តែ​៧ពិន្ទុ​គត់គត់​រវាងក្រុម​ឈរ​លេខ​២ និង​​ក្រុម​ឈរលេខ​១១ Wolves​។ លទ្ធផល​នេះ បានជួយ​ឲ្យ​ក្រុម Chelsea ឡើង​ឈរ​លេខ​៥ ដោយមាន​២៥ពិន្ទុ ពីការប្រកួត​១៤លើក ដោយ​ដេញ​តាម​ពីក្រោយក្រុមឈរ​លេខ​៤ Everton ១ពិន្ទុ ស្រប​ពេល​ដែលក្រុម West Ham ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១០ ដោយមាន​២១ពិន្ទុ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia