បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi បានឡើងឈរពីលើកំណត់ត្រានៃការរកគ្រាប់បាល់របស់លោក Pele សម្រាប់ក្លិបមួយ កាលពីថ្ងៃអង្គារ ខណៈដែលក្រុម Barcelona បានកត់ត្រាជ័យជម្នះយ៉ាងងាយស្រួលក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga នៅលើទឹកដីក្រុម Real Valladolid ស្របពេលដែលក្រុម Atletico Madrid បានពង្រឹងទីតាំងរបស់ខ្លួននៅលើកំពូលតារាង។
Messi រកបានគ្រាប់បាល់ទី៦៤៤របស់គេសម្រាប់ក្លិប Barcelona ពោលគឺច្រើនជាងកំណត់ត្រារបស់លោក Pele សម្រាប់ក្លិប Santos ១គ្រាប់ នៅនាទី ទី៦៥ ដើម្បីបំពេញជ័យជម្នះសម្រាប់ក្រុមរបស់លោក Ronald Koeman ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ នៅលើតារាង La Liga ក្រោយពីជ័យជម្នះនេះ និងតាមពីក្រោយក្រុម Atletico ចំនួន៨ពិន្ទុ។ ការដណ្តើមបានជ័យជម្នះដោយងាយនេះ ជួយឲ្យក្រុម Barca ដេញតាមពីក្រោយក្រុម Sociedad និងក្រុមឈរលេខ៤ Villarreal ចំនួន២ពិន្ទុ។
ក្នុងការប្រកួតមុននេះ គ្រាប់បាល់ស៊ុតបញ្ចូលទីនៅតង់ទី២ពីសំណាក់កីឡាករ Mario Hermoso និង Marcos Llorente បានជួយឲ្យក្រុម Atletico ដណ្តើមបានជ័យជម្នះដ៏សំខាន់លើទឹកដីក្រុម Sociedad ដែលបានចាប់ផ្តើមការប្រកួតដោយដេញតាមពីក្រោយត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយដេញតាមពីក្រោយ៦ពិន្ទុ ក្រោយពីការរងបរាជ័យជាលើកទី៣ជាប់ៗគ្នា៕
ប្រភពព័ត៌មាន៖ Channel News Asia