បរទេស៖ គ្រាប់បាល់តែតបញ្ចូលយ៉ាងល្អពីសំណាក់កីឡាករ Casemiro និងគ្រាប់បាល់នៅនាទីបន្ថែមពីខ្សែប្រយុទ្ធ Karim Benzema បានជួយឲ្យក្រុម Real Madrid យកឈ្នះលើក្រុមខ្លាំង Granada ក្នុងលទ្ធផល ២-០ នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃពុធ ដើម្បីកត់ត្រាជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ La Liga ជាលើកទី៥ជាប់ៗគ្នា និងតាមស្មើពិន្ទុជាមួយនឹងក្រុម Atletico Madrid។
ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ លេងមិនបានល្អឡើយនៅតង់ទី១ ប៉ុន្តែ បានបង្ហាញពីកម្រិតលេងយ៉ាងរស់រវើកនៅតង់ទី២ ហើយក្រោយពីបានបង្កើតឱកាសជាច្រើន ខ្សែបម្រើសញ្ជាតិប្រេស៊ីល Casemiro បានតែតបាល់បញ្ចូលទីពីការបញ្ជូនបាល់ឆ្លងរបស់ Marco Asensio ដើម្បីជួយឲ្យក្រុមខ្លួននាំមុខនៅនាទី ទី៥៧។ ក្រុម Granada បានបន្តដាក់សម្ពាធយ៉ាងខ្លាំងលើក្រុម Zinedine Zidane នៅតង់ទី២ នៅមុនពេលខ្សែប្រយុទ្ធ Benzema បានអូសបាល់ដាច់តែម្នាក់ឯង និងស៊ុតបាល់បញ្ចូលទីដើម្បីបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួន។
Real មាន៣២ពិន្ទុពីការប្រកួត១៥លើក មុននឹងឈានទៅកាន់ថ្ងៃសម្រាក ដោយមានពិន្ទុស្មើជាមួយនឹងក្រុម Atletico ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង និងនៅសល់២ប្រកួតក្នុងដៃ៕
ប្រភពព័ត៌មាន៖ Channel News Asia