បរទេស៖ លោក Jose Mourinho បាននិយាយថា ការខ្វះភាពមុតស្រួចនៅតំបន់ប្រយុទ្ធរបស់ក្រុម Tottenham បានធ្វើឲ្យលោកស្រងាកចិត្ត ក្រោយពីបានបាត់បង់ពិន្ទុបន្ថែមទៀត ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Wolves កាលពីថ្ងៃអាទិត្យ។
Spurs បច្ចុប្បន្ន មិនស្គាល់ឈ្នះសោះពីការប្រកួតលីក៤លើកជាប់ៗគ្នា ខណៈដែលលទ្ធផលទាំងនេះ បានរំខានដល់ក្តីសង្ឃឹមនៃការប្រជែងដណ្តើមពានលីកជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ។ ក្រុមរបស់លោក Mourinho បានឡើងឈរលេខ៥ ប៉ុន្តែ នៅតែដេញតាមពីក្រោយក្រុម Liverpool ចំនួន៦ពិន្ទុដដែល។ ក្រុម Tottenham បានបាត់បង់៨ពិន្ទុ តាមរយៈការរបូតគ្រាប់បាល់តាមស្មើនៅរយៈពេល១០នាទីចុងក្រោយនៅរដូវកាលនេះ ក្រោយពីបានបាត់បងគ្រាប់បាល់នាំមុខនៅពេលដែលប្រកួតជាមួយនឹងក្រុម Newcastle, West Ham និង Crystal Place។
ពួកគេក៏បានរបូតគ្រាប់បាល់តាមស្មើនៅនាទី ទី៩០ ក្នុងពេលរងបរាជ័យនៅលើទឹកដីក្រុម Liverpool ផងដែរ។ លោក Mourinho បានឲ្យដឹងថា៖ «យើងមិនមានមហិច្ឆតាឡើយ ពោលគឺគោលបំណដើម្បីប្រជែងបន្ថែមទៀត។ ១ពិន្ទុពេលប្រកួតជាមួយនឹងក្រុម Wolves មិនមែនជាលទ្ធផលមិនល្អឡើយ ពីព្រោះពួកគេជាក្រុមខ្លាំង ប៉ុន្តែ ការស៊ុតបាល់បញ្ចូលទីនៅនាទីដំបូង និងមានរយៈពេល៨៩នាទីដើម្បីរកឲ្យបានគ្រាប់បាល់ទៀត អ្នកមានអារម្មណ៍ថា ខកចិត្ត»៕
ប្រភពព័ត៌មាន៖ Channel News Asia