បរទេស៖ កីឡាកររបស់ក្រុម Manchester United កំពុងតែស្ថិតក្នុងស្មារតីយ៉ាងល្អ បើគិតចាប់តាំងពីដណ្តើមបានជ័យជម្នះលើក្រុម Leeds United ប៉ុន្តែ ត្រូវតែប្រុងប្រយ័ត្ន នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមខ្លាំង Wolverhampton Wanderers នៅរាត្រីនេះ។
នេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Ole Gunnar Solskjaer។ Man United បានបង្ហាញពីទម្រង់លេងយ៉ាងល្អបំផុតរបស់ខ្លួនក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ នៅពេលដែលពួកគេបានលត់ក្រុម Leeds យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-២ កាលពីសប្តាហ៍មុន ខណៈដែលកីឡាករ Scott McTominay និង Bruno Fernandes បានស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា។ ប៉ុន្តែ លោក Solskjaer បានបញ្ជាក់ថា Man United ដែលចាប់តាំងពីបានផ្តួលក្រុម Everton ក្នុងពាន League Cup និងបានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុម Leicester City ក្នុងការប្រកួតលីក ត្រូវតែគេចឲ្យផុតពីការរបូតគ្រាប់បាល់ ពេលប្រកួតជាមួយនឹងក្រុម Wolves។ លោក Solskjaer បានឲ្យដឹថា៖ «នៅពេលដែលការប្រកួតចុងក្រោយដែលអ្នកបានលេងនៅកីឡដ្ឋាន Old Trafford បានផ្តល់ឲ្យអ្នកនូវគ្រាប់បាល់ចំនួន៦គ្រាប់ ខ្ញុំប្រាកដចិត្តថា កីឡាករនឹងមានការជឿជាក់ខ្ពស់»។
លោកបានបន្ថែមទៀតថា៖ «យើងធ្លាប់បានជួបការប្រកួតដ៏ស្វិតស្វាញជាច្រើនពេលប្រកួតជាមួយនឹងក្រុម Wolves ហើយយើងកំពុងតែពង្រឹងតំបន់ការពារ យើងធ្វើបានកាន់តែល្អប្រសើរ ក្នុងការស្វែងរកដំណោះស្រាយផ្សេងៗក្នុងការប្រកួតដែលផ្សេងគ្នា»៕
ប្រភពព័ត៌មាន៖ Channel News Asia


